ប្រតិភូក្រុងហៃហ្វុង-វៀតណាមនៅតែបន្តជួយគាំទ្រខេត្តព្រះសីហនុដែលជាខេត្តបងប្អូន

0

គណៈប្រតិភូក្រុងហៃហ្វុង នៃប្រទេសវៀតណាមមានបំណងបង្កើនកិច្ចសហការដែលកំពុងមានស្រាប់ដើម្បីបន្តការគាំទ្រការវិនិយោគក្នុងចូលរួមកសាង អភិវឌ្ឍខេត្តព្រះសីហនុដែលជាខេត្តបងប្អូននឹងគ្នា។

ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាថ្ងៃទី ២៤ វិច្ឆិកា២០១៧នេះគណៈប្រតិភូទីក្រុងហាយហ្វុង ប្រទេសវៀតណាមដឹកនាំដោយ លោក ច្រឹង សាង អតីតប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហៃហ្វុង បច្ចុប្បន្នជាប្រធានសមាគមន៏មិត្តភាពកម្ពុជា-វៀតណាម ទីក្រុងហៃហ្វុង បាន

ពាំនាំនូវគោលបំណងដ៏សំខាន់ថា ក្រុងហៃហ្វុងចង់បង្កើននូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើផ្នែកពាណិជ្ជកម្ម ទ្វេរភាគីរវាងក្រុងហៃហ្វុង – ខេត្តព្រះសីហនុ។

ប្រតិភូក្រុងហៃហ្វុងសន្យាថានឹងនៅតែបន្តជួយគាំទ្រលើវគ្គបណ្តុះបណ្តាលមុខវិជ្ជាជីវៈផ្សេងៗ ដល់យុវជនកម្ពុជា រួមទាំងវិស័យសុខាភិបាលផងដែរ។លោក សាង រំលេចអោយដឹងថានឹងចង្អុលរបង្ហាញអំពីសក្តានុពលខេត្តព្រះសីហនុដើម្បីទាក់ទាញវិនិយោគិនក្រុងហៃហ្វុងអោយមកធ្វើពាណិជ្ជកម្មនៅខេត្តមួយនេះ។

លោក ច្រឹង សាង ក៏បានកត់សំគាល់ថាបើ ប្រៀបធៀបរវាងទស្សវត្តទី ៨០ និងបច្ចុប្បន្ន កម្ពុជាមានការខុសគ្នាឆ្ងាយណាស់ ។

លោក សាង បន្តថាកម្ពុជាសព្វថ្ងៃមានការអភិវឌ្ឍគួរជាទីមោទនៈ ពិសេសខេត្តព្រះសីហនុតែម្តង។

សូមបញ្ជាក់ថាខេត្តព្រះសីហនុនិងក្រុងហៃហ្វុង គឺជាខេត្ត-ក្រងសម្ពន្ធ័មេត្រីជាមួយគ្នាដែលមានស្រាប់។

បន្ទាប់ពីជំនួបជាមួយអភិបាលខេត្តរួចហើយ គណៈប្រតិភូគ្រោងនឹងជួបសភាពាណិជ្ជកម្មខេត្តព្រះសីហនុផងដែរ។

ជាការឆ្លើយតបចំពោះបំណងរបស់គណៈប្រតិភូខាងលើ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសំដែងការស្វាគមន៍ដោយក្តីរីករាយចំពោះកិច្ចសហការវិនិយោគ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ ខេត្តព្រះសីហនុនាពេលនេះ។

ឯឧ យន្ត មីន បន្តថា ខេត្តព្រះសីហនុស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគទាំងអស់ដែលចង់មកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុដោយស្របច្បាប់។

សូមបញ្ជាក់ជូនថាថ្មីៗកន្លងទៅនេះគណៈប្រតិភូរបស់ខេត្តអានយ៉ាងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមក៍បានមកជួបពិភាក្សាការងារជាមួយឯឧ អភិបាលខេត្តព្រះសីហនុ លើគម្រោងធ្វើពាណិជ្ជកម្មជាមួយខេត្តព្រះសីហនុផងដែរ។

 

គួរកត់សំគាល់ថាបច្ចុប្បន្ននេះខេត្តព្រះសីហនុបាននឹងកំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់នៃក្រុមហ៊ុនវិនិយោគតូចធំទាំងក្នុងនិងក្រៅប្រទេសស្របពេលដែលរដ្ឋាភិបាលបានកំណត់ថា”ខេត្តព្រះសីហនុគឺជាតំបន់សេដ្ឋក្បាលនាគនិងជាតំបន់ឧស្សាហកម្មគំរូពហុបំណងតែមួយគត់របស់កម្ពុជា”។

ក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពលេចធ្លោរជាងគេគឺក្រុមហ៊ុនមកពីប្រទេសចិនតែម្តង។

សមិទ្ធផលដ៏ប្រសើរនេះវាបានលេចឡើងយ៉ាងឆាប់រហ័សក្រោមយុទ្ធសាស្ត្រប្រកបដោយភាពទាក់ទាញនិងភាពច្បាស់លាស់របស់ឯឧ យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុស្របពេលដែលកម្ពុជាយើងមានសុខសន្តិភាព ស្ថេរភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា៕ដោយ៖សាវ៉ុន