ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ នឹងស្នើអោយសាលាដំបូងខេត្តព្រះសីហនុចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលដែលជាមេខ្លោងញុះញង់កេណ្ឌប្រជាពលរដ្ឋមកតវ៉ាក្នុងរឿងជម្លោះដណ្តើមដីរដ្ឋនៅតំបន់ពយម៉ាចូវរួមទាំងអ្នកដែលបានយកឈ្មោះគាត់ទៅប្រឡាក់ប្រឡូកក្នុងរឿងដណ្តើមដីគ្នាកាន់កាប់នៅតំបន់នោះផងដែរ។
ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បន្ទប់ពីទទួលបានទទូលព័ត៌មានថាមានពលរដ្ឋមួយក្រុមបានលើគ្នាមកតវ៉ាក្នុងជម្លោះដណ្តើមដីគ្នានៅចំណុចពយម៉ាចូវ ស្ថិនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមការញុះញង់អូសទាញពីសំណាក់ក្រុមមេខ្យល់និងបក្ខពួកកាលពីថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៧កន្លងទៅនេះដោយបានយកឈ្មោះ ឯកឧត្តមមកដាក់ពីក្រោយទំនាស់ដីធ្លីនេះត្រូវបាន ឯឧ យន្ត មីន បដិសេធទាំងស្រុងថាមិនបានជាប់ពាក់ពន្ធ័ក្នុងករណីនេះទេ។ឯឧ អភិបាលខេត្ត បញ្ជាក់ថា ការយកឈ្មោះគាត់ទៅប្រឡូកប្រឡាក់ក្នុងរឿងនេះគឺជាទង្វើលាបពណ៌មួយគួរអោយស្អប់ខ្ពើមរបស់បុគ្គលខិលខូចតែប៉ុណ្ណោះ។
ពាក់ពន្ធ័បញ្ហានេះ ឯឧ អភិបាលខេត្តព្រះសីហនុក៏បានជម្រាបទៅតុលាការខេត្តព្រះសីហនុអោយចាត់វិធានការតាមផ្លូវច្បប់ចំពោះបុគ្គលទាំងឡាយណាដែលបានបង្ករអោយមានទំនាស់នេះហើយបានយកឈ្មោះឯកឧត្តមទៅប្រឡូកប្រឡាក់ក្នុងអំពើឃុបឃិតគ្នាយកដីនៅតំបន់ពយម៉ាចូវក្បែរឆ្នេរអូរត្រេះ ក្រុងព្រះសីហនុនេះ។
ក្រុមពលរដ្ឋទាំងនេះត្រូវបានដឹងថាត្រូវបានមេខ្យល់និងក្រុមបក្ខពួកមួយចំនួនទៀតដឹកនាំយកមកធ្វើជាមធ្យោបាយក្នុងសកម្មភាពតវ៉ាដណ្តើមដីគ្នានៅតំបន់ពយម៉ាចូវជាថ្នូរនឹងផលប្រយោជន៏បន្តិចបន្តួចចំពោះមុខ តាមហិច្ឆិតាអូសទាញរបស់បុគ្គលមានទ្រព្យនិងមានឥទ្ធិពលមូយចំនួននៅខាងក្រោយខ្នង។
តាមប្រភពពីក្រុមប្រជាជនដែលជាភ្នាក់ងារដែលបានទៅចូលរួមក្នុងការតវ៉ានេះដែរបានអោយដឹងថា៖”ក្រុមប្រជាជនដែលបានមកតវ៉ាទាំងនោះភាគច្រើនគ្មានដីនៅទីនោះទេគឺជាអ្នកមកពីតំបន់ផ្សេងៗមិនបានរស់នៅទីនោះឡើយតែត្រូវគេជួលអោយមកជួយតវ៉ា, ខ្លះទៀតគេអោយមកជួយតវ៉ាដោយសន្យាថានឹងផ្តល់ដីម្នាក់មួយឡូតិ៍ក្រោយបានទទួលជោគជ័យ, អ្នកខ្លះទៀតត្រូវបានមេខ្យល់ញុះញង់អោយចូលទៅទន្ទ្រានកាន់កាប់អោយបានគ្នាច្រើនគ្នាដើម្បីងាយស្រួលក្នុងការតវ៉ាស្នើសុំទៅសម្តេចតេជោហ៊ុនសែនអោយកាត់ឆ្វៀលជូនតាមចំណែកឡួតិ៍ដែលបានស្នើសុំដោយលើកហេតុផលថាក្រីក្រ ដោយភ្ជាប់ការសន្យាថាតែបន្ទាប់មកប្រសិនជាបានសម្រេចតាមបំណង,មានអ្នកមានលុយចាំប្រមូលទិញយកវិញតាមក្រោយ។”
ប្រភពបន្តទៀតថា ការតវ៉ានេះមានបុគ្គលមួយក្រុមនៅពីក្រោយធ្វើជាមេគំនិតក្នុងការរៀបចំផែនការសកម្មភាពតាមផ្នែកផ្សេងៗយ៉ាងជាក់លាក់ដើម្បីដណ្តើមដីនេះ។
ក្នុងនោះគេបែងចែកជា៖ “១.ក្រុមអ្នកប្រមូលប្រជាជនអោយមកតវ៉ា ,២.ក្រុមអ្នកបែងចែកលុយ ,៣.ក្រុមសម្រួលលិខិតស្នាម ៤.ក្រុមអ្នកជួយផ្សព្វផ្សាយពត៌មានជាដើម។”
តាមប្រភពពីសមត្ថកិច្ចជំនាញអោយដឹងថា៖ទំនាស់នេះបានផ្តើមចេញពីបុគ្គលពីរក្រុមសុទ្ធតែមានខ្នងបង្អែកធំៗនៅកាងពីក្រោយរៀងខ្លួននៅពេលដែលបានមកចូលមកកាន់កាប់ដីនៅចំណុចនេះតាមមធ្យោបាយផ្សេងៗ។
ទោះបីជាយ៉ាងណាក៏ដោយ ឯឧ យន្ត មីន បានព្រមានចំពោះជនដែលបានយកឈ្មោះ ឯកត្តម ទៅឃោសនាបោកបន្លំសមត្ថកិច្ចជំនាញក្នុងការបំពេញការងារដើម្បីប្រយោជន៏ក្រុមខ្លួននិងស្នើអោយតុលាការចាត់ការតាមនីតិវិធី។
លោក សុខ សុខុម ប្រធានអង្គការស្រាវជាតិកម្ពុជា សាខាខេត្តព្រះសីហនុ ហៅកាត់ថាCNRO បង្ហាញការយល់ឃើញថា៖”អាជ្ញាធរខេត្តព្រះសីហនុគួរតែមានវិធានការណ៍ច្បាប់ចំពោះបុគ្គលខិលខួចទាំងឡាយនេះ មិនគួរបណ្តែតបណ្តោយអោយក្រុមអនាធិបតេយ្យមួយចំនួនតូចទាំងនេះធ្វើព្យុះធ្វើភ្លៀងបែបនេះទេ។”
សូមបញ្ជាក់ថា ដីនៅតំបន់ពយម៉ាចូវដែលកំពុងមានការដណ្តើមគ្នាកាន់កាប់នេះ មានទីតាំងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហុ ។ទីនេះជាតំបន់គំរបព្រៃឈើឆ្នាំ២០០២ ដែលត្រូវបានគេនាំគ្នាលួចកាប់ដើម្បីដីកាន់កាប់ជាបន្តបន្ទាប់រហូតដល់អស់ព្រៃធម្មជាតិទាំងស្រុងហើយសព្វថ្ងៃនេះគេបានដាំជំនួសមកវិញដោយដំណាំហូបផ្លែដាំភ្លាមមានផ្លែតែម្តង។
តែបច្ចុប្បន្នជម្លោះដណ្តើមដីសាធារៈរបស់រដ្ឋកាន់កាប់នៅចំណុចនេះ ក៏បានកើតឡើងយ៉ាងស្មុគស្មាញជាទីបំផុតគ្រាដែលដីនៅតំបន់នេះមានតំលៃខ្ពស់ ដោយដីមួយកន្លែងអាចមានអ្នកកាន់កាប់ច្រើនគ្នា និងដីខ្លះត្រូវបានគេយកទៅលក់តៗគ្នាជាច្រើនតំណរដោយភាពមិនប្រក្រតី។
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលខេត្តព្រះសីហនុបាន អោយដឹងថា៖”តំបន់នេះដីសាធារៈរបស់រដ្ឋ ហើយសព្វថ្ងៃអ្នកដែលទៅទន្ទ្រានដីនៅទីនោះសុទ្ធតែជាអ្នករំលោភដីរដ្ឋ។
លោក ឌី សុខុមបាន បន្តថា បើយោងតាមច្បាប់អ្នកទាំងនោះអាចមានទោសទណ្ឌរហូតដល់អាចប្រឈមជាប់ពន្ធនាគារទៀតផង”៕