ក្រុងនីងប៉ូរបស់ចិននិងខេត្តព្រះសីហនុចុះហត្ថលេខាលើកំណត់ហេតុស្ដីពីការបង្កើតកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងមិត្តភាពជាមួយគ្នាដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចឈរលើប្រយោជន៍ទាំងសង្ខាង។
ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនាថ្ងៃទី 27 ខែវិច្ឆិកាឆ្នាំ 2017ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងលោកស្រី សៀវ លីង អនុប្រធានគណៈកម្មាធិការនយោបាយប្រជាជនក្រុងក្រុងនីងប៉ូ តំណាងភាគីទីក្រុងនីងប៉ូ ប្រទេសចិន។
ក្នុងកំណត់ហេតុនៃកិច្ចព្រមព្រៀងនេះបានកំណត់នូវគោលការណ៍សំខាន់ៗមួយចំនួនរួមមាន៖
១.សមភាព ក្នុងការផ្លាស់ប្ដូរនូវកិច្ចសហប្រតិបត្តិការក្នុងទ្រង់ទ្រាយផ្សេងៗ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍកំពង់ផែ វិទ្យាសាស្រ្ត បច្ចេកវិទ្យាអប់រំសុខាភិបាលនិងទេសចរណ៍សំរាប់ ជំរុញឲ្យមានភាពរុងរឿងនិងការអភិវឌ្ឍដូចគ្នា ។
២.ថ្នាក់ដឹកនាំនិងមន្ទីរពាក់ព័ន្ធនៃភាគីទាំងពីរនឹងទំនាក់ទំនងគ្នាជាប្រចាំដើម្បីសម្របសម្រួលក្នុងការពិគ្រោះយោបល់និងការអនុវត្តការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការព្រមទាំងដោះស្រាយនូវបញ្ហាដែលជាផលប្រយោជន៍រួម។
៣.ភាគីទាំងពីរយល់ព្រមមានដំណើរទស្សនកិច្ចទៅវិញទៅមកការផ្លាស់ប្ដូរនិងកិច្ចប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងគោលដៅនៃការបង្កើតទំនាក់ទំនងមិត្តភាពខេត្តក្រុងបងប្អូននាពេលខាងមុខ។
៤.ក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាកំណត់ហេតុស្ដីពីការបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរួមរួចហើយ ភាគីទាំងពីរនឹងធ្វើសំណើទៅរដ្ឋាភិបាលរៀងៗខ្លួនដើម្បីសុំការអនុម័តចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការបង្កើតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងទាំងពីរជាផ្លូវការ។
តាមរយៈការទំនាក់ទំនងនេះភាគីទាំងពីរសំដែងសុទិដ្ឋិនិយមរួមគ្នាថានឹងអាចបង្កើតឲ្យមានភាពល្អប្រសើរឡើងក្នុងការធ្វើទំនាក់ទំនងផ្នែកពាណិជ្ជកម្មនិងវិនិយោគដោយបង្កើតឱកាសឲ្យពាណិជ្ជកររួមសហការគ្នាដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចឧស្សាហកម្មពាណិជ្ជកម្មនិងទេសចរណ៍ក៏ដូចជាវិស័យផ្សេងៗទៀតឲ្យកាន់តែប្រសើរថែមទៀតនៅថ្ងៃអនាគត៕