ខេត្តព្រះសីហនុ៖(បឋម)ទីតាំងផ្ទះជួលអោយជនបរទេសមួយកន្លែងសង្ស័យថាជាសំបុកមុខសញ្ញាលាក់ទុកថ្នាំញៀនដ៏ធំមួយនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុចុះបង្ក្រាបទាំងយប់។លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាតស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ២១:៣០នាទី យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីស្ថាប័នព្រះរាជអាជ្ញា បានធ្វើការឆែកឆេរលំនៅដ្ឋានដែល ជនបរទេសជួលមួយកន្លែង ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ម្ចាស់ឈ្មោះVasilyeva valiya ភេទស្រីជនជាតិរុស្ស៊ី កាន់លិខិតឆ្លងដែនលេខ711888270 ។ក្រោយពេលឆែកឆេរ បានរកឃើញថ្នាំញៀន កូកាអ៊ីនចំនួន១៦កញ្ចប់ធំ,ជញ្ជីងថ្លឹងថ្នាំ១ លិខិតឆ្លងដែន៧ច្បាប់ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។គួរបញ្ជាក់ផងដែរថា៖ កន្លងមកនេះ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ ត្រូវបានគេសង្គេតឃើញថាបាន ខិតខំប្រឹងប្រែង ទាំងយប់ ទាំងថ្ងៃហើយជាលទ្ធផលឃើញថាបង្ក្រាបបទល្មើសគ្រឿងញៀនបានជាបន្តបន្ទាប់។បច្ចុប្បន្នមុខសញ្ញាពាក់ព័ន្ធ និងវត្ថុតាងបានឃាត់ទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីស្រាវជ្រាវបន្តនិងកសាងសំណុំរឿងគ្រោងនឹងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ប្រភព៖នគរបាល