ឯឧ យន្ត មីន ប្រគល់ផ្ទះមនុស្សធម៌ទី០១ជូនគ្រួសារទីទ័លក្រ

0

ខេត្តព្រះសីហនុ៖ផ្ទះឈើមួយខ្នងដំបូលប្រក់ហ្វ៊ីប្រូ ដែលជាអំណោយរបស់ឯឧ យន្តមីនផ្តល់ជូនទៅសាខាកាកបាទក្រហមសំរាប់ចាត់ចែងជូនទៅគ្រួសារក្រីក្រជួបការលំបាក ត្រូវបានប្រគល់ជូន គ្រួសារក្រីក្រចំនួនមួយគ្រួសារនៅភូមិ តាពៅ ឃុំតានៃ ស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី០១ធ្នូ២០១៧ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុនិងជាប្រធានកិត្តិយសាខាកាកបាទក្រហមខេត្ត។

ផ្ទះមនុស្សធម៌ដែលត្រូវប្រគល់ជូនគ្រួសារក្រីក្រ

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យន្តមីន  បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសណាក់ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់សមាជិកគ្រួសារទាំងអស់” ត្រូវចេះប្រុងប្រយ័ត្នចំពោះអគ្គីភ័យ ត្រូវសម្អាត ថែរក្សាផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ។”

ក្នុងនោះដែរឯកឧត្តមបានសំរេចផ្តល់ អណ្តូងលូមួយថែមទៀត និងចាក់សាបជុំវិញ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈប្រមាណ ២០ គ្រួសារផ្សេងទៀតផងដែរ ។

ឯឧ យន្ត មីន  ក៏បានរំលឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវចុះស្វែងយល់ពី សុខទុក្ខ បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួនអោយបានជាប្រចាំដើម្បីងាយស្រួលក្នុងការលៃលកជួយគាត់អោយបានទាន់ពេលវេលា។

គ្រានោះដែរក្រៅពីប្រគល់ផ្ទះនេះ ឯឧ យន្ត មីន ក៏បានផ្តល់ថវិកា និងសំភារៈឧបភោគបរិភោគមួយចំនួនទៀតផងដែរ។

កួរកត់សំគាល់ថាកន្លងមកនេះ ឯឧយន្ត មីន  ក៏ធ្លាប់បានចំណាយថវិការសាងសង់ផ្ទះនិងជួសជុលផ្ទះជូនប្រជាជនក្រីក្រដែលជូបការលំបាកនៅតាមទីតាំងនានាបានមួយចំនួនហើយផងដែរ។

 

ប្រភពពីមន្ត្រីកាកបាទក្រហមសាខាខេត្តព្រះសីហនុអោយដឹងថា” ការប្រគល់ផ្ទះមនុស្សធម៌ទី ០១ (មួយ) នេះគឺជាធ្វើឡើងក្រោមគំនិតផ្តួចផ្ដើមដោយឯកឧត្តម យន្ត មីន ផ្ទាល់តែម្តង។”

ប្រភពដដែលបន្តថា”ផ្ទះនេះមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ហ្វីប្រូត្រូវ ប្រគល់ជូនគ្រួសារលោក ម៉ក់ ពៅ អាយុ៦៨ ឆ្នាំ និងប្រពន្ធ ទេព សារិន មានសភាពទីទ័លក្រខ្លាំង រស់នៅជាមួយកូនតូចៗចំនួន ២នាក់ទៀត  ស្ថិតនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ”៕

ផ្ទះចាស់ គ្រួសារ យាយ តា