រដ្ឋបាល​ខេត្ត​កែប​កំពុង​មមាញឹក​ធ្វើ​ការកែលម្អ​គ្រប់​ទីកន្លែង​ទាំងយប់​ទាំង​ថ្ងៃ សម្រាប់​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​២​

0

កែប ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា គេ​សង្កេតឃើញ​អាជ្ញាធរ​ខេត្ត​កែប បាននិងកំពុង​សស្រាក់​សស្រាំ​ធ្វើ​ការកែលម្អ​គ្រប់កន្លែង​ទាំង​ក្នុង​ទីប្រជុំជន ទាំង​ដងផ្លូវ​សាធារណៈ ព្រមទាំង​មន្ទីរ​ស្ថាប័ន​គ្រប់​អង្គភាព​ទូទាំង​ខេត្ត​។​ដោយឡែក​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ស្ថិតក្នុង​តំបន់​នានា​ក៏​ត្រូវ​បាន​តាក់តែង លម្អ​យ៉ាង​ប្រណិត​ផងដែរ​។​

​យ៉ាងណាមិញ​ខេត្ត​កែប នឹង​ត្រូវ​រៀបចំ​ធ្វើ​ពិធី​បុណ្យ​សមុទ្រ ជុំ​ទី​២​របស់ខ្លួន ដែល​ប្រព្រឹត្ត​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២,២៣,២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​ជាមួយ​នេះ​ដើម្បី​ញាំ​ុ​ង​ពិធីបុណ្យ​សមុទ្រ​ឲ្យ​កាន់តែ​មាន​ភាព​អធិកអធម រដ្ឋបាល​ខេត្ត​កែប បាន​និង​កំពុង​ជំរុញ​ធ្វើ​ការកែលម្អ កែ​សោភណភាព គ្រប់​ទីកន្លែង ពិសេស​ចំណុច​ទីតាំង​សំខាន់ៗ ដូច​ជា​មុខ​សាលាខេត្ត ឆ្នេរ​ជ្រោយ​ដូង មាត់​ឆ្នេរ​ស្រី​ស ឆ្នេរ​ផ្សារ​ក្តាម និង​ទីតាំង​សំខាន់ៗ​ជាច្រើន​ទៀត​។​លើសពីនេះ របង​សាលាខេត្ត​កែប​ដែល​កំពុង​ពន្លឿន​ជួសជុល​កែលម្អ​ជាថ្មី​នោះ ក៏​បាន​រួចរាល់​ជា​ស្ថាពរ​ផងដែរ​។​

​លោក អ៊ុក ថា អភិបាលរង​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោក​បាន​បញ្ជាក់​ឲ្យដឹងថា​៖ ដោយសារ​តែ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧​កាន់តែ​ឈាន​ជិត​មក​ដល់ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ពិតជា​មាន​ការ​មមាញឹក​ខ្លាំង​បំផុត​។​ម្យ៉ាងទៀត​ការកែលម្អ​នៅ​គ្រប់កន្លែង​គឺ​ត្រូវ​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ពេល​ឈប់​សម្រាក​ឡើយ ដើម្បី​ឲ្យទាន់​ពិធីបុណ្យ​សមុទ្រ​។​លោក​ថា ការកែលម្អ​សោភណភាព ត្រូវបាន​តាក់តែងឡើង​គ្រប់​ស្ថាប័ន គ្រប់​អង្គភាព ទាំង​ក្រៅ ទាំង​ក្នុង​ទីប្រជុំជន​ទូទាំង​ខេត្ត ហើយ​នៅ​ព្រឹក​នេះ អាជ្ញាធរ​ក៏​បាន​ជូន​ដំណើរ​ប្រតិភូ​ដើម្បី​ពិនិត្យ​ទីតាំង​សម្រាប់​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ អគារសិក្សារ​នៅក្នុង​បរិវេណ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​ផងដែរ​។​

​លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​បាន​លើកឡើង​ថា​៖ ដើម្បី​ឆ្លើយតប​នឹង​ពិធីបុណ្យ​សមុទ្រ​ខាងមុខ ទោះ​ជា​ចំណាយ​កម្លាំង ចំណាយ​ពេលវេលា​ក្នុង​កម្រិត​ណា​ក៏​លោក​មិន​រាថយ​ដែរ ព្រោះនេះ​ជា​តួនាទី​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ដោយ​លោក​បាន​ត្រៀមលក្ខណៈ​ជា​ស្រេច​ហើយ សម្រាប់​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ជុំ​ទី​២​នេះ ឲ្យទទួល​បាន​ជោគជ័យ​។​លោក​អភិបាលខេត្ត បាន​គូសបញ្ជាក់ថា​៖​ក្នុងពេល​ដំណាលគ្នា​នេះ ក្រៅ​ពី​រៀបចំ​ពិធីបុណ្យ​សមុទ្រ រដ្ឋបាល​ខេត្ត​កែប នឹង​ធ្វើ​ពិធី​សម្ពោធ ដាក់ឲ្យ​ដំណើរការ​នូវ អគារសិក្សា ក្នុង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​ផងដែរ ដោយ​ពិធី​នេះ​នឹង​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​លើសពីនេះទៅទៀត ផ្លូវជាតិ​លេខ​33A​ដែល​ជំនាញ​កំពុង​ស្ថាបនា​បន្ត​ប្រវែង​៩០០​ម៉ែត្រ​ទៀត​នោះ នឹង​ខិតខំ​ជម្រុញ​ឲ្យ​រួច​រាល់ទាន់​ពិធីបុណ្យ​សមុទ្រ​នេះ​ផងដែរ​។​

សូមជម្រាបថា​៖​ក្នុង​ឆ្នាំ​២០១៦​តំបន់​រមណីយដ្ឋាន​ខេត្ត​កែប​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន​៥១៦.៤៤២​នាក់​និង​អន្តរជាតិ​ចំនួន​៥៣.៧៣៣​នាក់​។​ដោយឡែក​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧​ខេត្ត​កែប​ទទួលបាន​ភ្ញៀវ​ជាតិ​ចំនួន​៨២៩.៨៨៣​នាក់​និង​អន្តរជាតិ​៣៧.៦៤៤​នាក់ ដោយ​សង្ឃឹមថា ក្នុង​ពិធីបុណ្យ​សមុទ្រ​ខាងមុខ ភ្ញៀវ​ពិតជា​សម្រុក​មក សម្រាក ល​ម្ហែ កម្សាន្ត​លើសពី​ការរំពឹង​ទុក​មិន​ខាន​៕