ខេត្តមណ្ឌលគីរី៖យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកកោះញែកបានឲ្យដឹងថា បច្ចុប្បន្នមានបទល្មើសកាប់ឈើទ្រង់ទ្រាយធំនៅតំបន់អន្ទ្រងនិងដែនអភិរក្សសត្វព្រៃភ្នំព្រិចក្នុងស្រុកកោះញែក ហើយដឹកជញ្ជូនចូលទៅក្នុងទីតាំងក្រុមហ៊ុនលឹម រ៉ូយ៉ាល់ ដើម្បីឲ្យក្លាយជាឈើស្របច្បាប់។ រថយន្ដយីឌុបខ្នាតយក្សជាច្រើនគ្រឿងត្រូវបានក្រុមមេឈ្មួញដុះស្លែទាំងនោះដឹកចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនត្រពាំងស្រែ-វ៉ាលឺ ស្រុកស្នួល ខេត្តក្រចេះនិងច្រករបៀងទន្លេចាមក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំ និងមួយផ្នែកទៀតត្រូវបានឈ្មួញដឹកជញ្ជូនចេញទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវខេត្តរតនគីរី។ អង្គការអភិរក្សក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការដែលឈ្មួញអាចកាប់ឈើដឹកចេញពីតំបន់អន្ទ្រងនិងដែនជម្រកភ្នំព្រិចបានដោយសេរីបែបនេះ គឺមានការឃុបឃិតបើកភ្លើងខៀវជាប្រពន្ធ័ពីសំណាក់មន្ត្រីអាជ្ញាធរ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន។
តាមប្រភពពីប្រជាពលរដ្ឋក្នុងស្រុកកោះញែក បានបង្ហើបឲ្យដឹងថា ឈ្មួញឈើដុះស្លែធំៗចំនួន៥នាក់ដែលកំពុងកាប់ឈើខាងក្រៅដឹកចូលក្រុមហ៊ុន លឹម រ៉ូយ៉ាល់ឲ្យទៅជាឈើមានច្បាប់ត្រូវបានគេស្គាល់គឺទី១-ឈ្មោះឧកញ៉ា សី ទី២-មេឈ្មួញឈ្មោះ លក្ខ័ ទី៣-មេឈ្មួញឈ្នោះ វីដា ទី៤.មេឈ្មួញឈ្មោះចយ និងទី៥.មេឈ្មួញឈ្មោះមុន្នី ។មេឈ្មួញឈើដុះស្លែទាំង៥នាក់នេះមានកិតិសព្ទ័ល្បីរន្ទឺនៅខេត្តភូមិភាកឥសាន្ដសមត្ថកិច្ច កោតក្រែងខ្លាចអំណាចដុល្លាមិនហ៊ានបង្ក្រាប។
អ្នកដឹកឈើតាមគោយន្ដកន្ត្រៃនិងរថយន្ដសាំយ៉ុង បានបង្ហើបឲ្យដឹងថា ពួកគាត់ដឹកឈឺបន្តិចបន្តួចក៏ត្រូវចំណាយលុយរត់ការ មួយជើងអស់១៧០០០០០៛(មួយលានចិតសឹបម៉ឺនរៀល)ទៅ២០០០ ០០០៛(ពីលានរៀល)ប៉ុន្តែផ្ទុយពីមេឈ្មួញទាំង៥នាក់ខាងលើពួកគេបំផុសប្រជាពលរដ្ឋឲ្យកាន់រណាយន្ដរាប់រយគ្រឿងចូលកាប់ឈើក្នុងតំបន់អន្ទ្រងនិងដែនជម្រកភ្នំព្រិចនិងបានប្រមូលទិញឈើក្នុងតម្លៃថោកដឹកជញ្ជូនចូលក្រុមហ៊ុនលឹម រ៉ូយ៉ាល់ ដើម្បីឲ្យក្លាយទៅជាឈើស្របច្បាប់ បន្ទាប់មកប្រើឡេសអាជ្ញាប័ណ្ណក្រុមហ៊ុននោះដើម្បីដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាមដោយសេរីគ្មានការរំខាន។
ប្រភពដដែលបានប្រាប់ឲ្យគេហទំព័រ ក្រាំង មាសបន្តទៀតថា នៅល្ងាចថ្ងៃទី១៧/១២/២០១៧នេះរថយន្ដយីឌុបប្រម៉ាណជាង១០គ្រឿងដឹកឈើចេញពីក្រុមហ៊ុន លឹមរ៉ូយ៉ាល់តាមផ្លូវភូមិសំពោចឆ្លងកាត់ឃុំឃ្សឹមយកទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិកម្ពុជា វៀតណាម(វ៉ាលឺ)ស្ថិតក្នុងស្រុកស្នួលខេត្តក្រចេះនិងមានរថយន្ដមួយចំនួនទៀតចូលតាមច្រករបៀងទន្លេចាមស្រុកមេមត់ខេត្តត្បូងឃ្មុំ ដោយរថយន្ដនីមួយៗដឹកឈើលើសទម្ងន់ដែលគេសណ្ឋានថា មិនក្រោមពី៤០គីបទៅ៤៥គីបនោះទេ!! នេះឬជាអនិច្ចាផ្លូវថ្នល់។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី ខេត្តក្រចេះបានឲ្យដឹងថា មួយរយះចុងក្រោយក្រុមហ៊ុនមួយនេះបានបំផុសឲ្យប្រជាពលរដ្ឋកាន់រណាយន្ដរាប់រយគ្រឿងបន្ថែមទៀតសម្រុកចូលកាប់ឈើនៅព្រៃខាងក្រៅដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនលឹម រ៉ូយ៉ាល់ យ៉ាងគគ្រឹកគគ្រេងដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។
ប្រជាពលរដ្ឋក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី និងប្រជាពលរដ្ឋនៅខេត្តក្រចេះបានអំពាវនាវឲ្យអាជ្ញាធរខេត្ត សាម៉ី ក៏ដូចជាក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់បទល្មើសដែលកំពុងកើតឡើងយ៉ាងរាលដាលនៅក្នុងតំបន់អន្ទ្រង ជម្រកសត្វព្រៃភ្នំព្រិចនៅក្នងស្រុកកោះញែក ជាបន្ទាន់ ព្រោះសកម្មភាពបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់កំពុងកើតឡើងរីករាលដាលយ៉ាងខ្លាំងនៅមួយរយះចុងក្រោយនេះផងទាន!!៕