ខេត្តព្រះសីហនុ៖របងរំលោភផ្លូវសាធារណៈមួយកន្លែងត្រូវបានអាជ្ញាធរខេត្តព្រះសីហនុសម្រេចអោយធ្វើការវាយកំទេចចោលទាំងស្រុងដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋតាមគំរូងប្លង់ប្រព័ន្ធឡើងវិញបន្ទាប់ពីផ្លូវនេះត្រូវបានគេរំលោភយកធ្វើអោយផ្លូវនេះរួមតូចចង្អៀតបង្ករជាការលំបាកដល់ប្រជាជនរាប់រយគ្រួសារនៅក្នុងភូមិជាយូរឆ្នាំកន្លងមកហើយ។
របងបេតុងដែលបានរំលោភផ្លូវជាច្រើនឆ្នាំមកនេះត្រូវបានគេស្គាល់ថាមានម្ចាស់ ឈ្មោះ គុណ ប៊ុនថា និងប្រពន្ធឈ្មោះ សុខ ហៀង មានរបរលក់ដូរចាប់ហួយ មានទីតាំងនៅភូមិបឹងវែងឃុំវាលរេញ ស្រុព្រៃនប់ខេត្តព្រះសីហនុ។ការសង់របងនេះបានធ្វើអោយប្រជាពលរដ្ឋដែលរស់នៅភូមិខាងក្រោយសំដែងការមិនសប្បាយចិត្តនិងបានដាក់់ពាក្យស្នើសុំអោយអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរខេត្តជំនាន់មុនជួយរកដំណោះស្រាយបើកផ្លូវនេះអោយពលរដ្ឋឡើងវិញ។តែជាច្រើនឆ្នាំមកនេះអាជ្ញាឃុំវាលរេញនិងអាជ្ញាធរស្រុកព្រៃនប់ជំអាណត្ថិមុនៗមិនមានលទ្ធភាពដោះស្រាយជូនពលរដ្ឋបាននៅឡើយ។
តែជាក់ស្តែងក្នុងអាណត្ថិ អភិបាលស្រុកព្រៃនប់ថ្មី លោក ស កក្កដា និងអាណត្ថិ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានខិតខំសម្របសម្រួលដោះស្រាយឈានដល់ការបើកផ្លូវនេះឡើងវិញតាមសំនើរបស់ប្រជាជនក្នុងភូមិបឹងវែងនេះបើទោះជាមានប្រតិកម្មខ្លះពីម្ចាស់សំណង់រំលោភផ្លូវនេះយ៉ាងណាក្តី។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បញ្ជាក់ថា របងនេះបានសង់រំលោភចូលលើផ្លូវប្រវែង ០.៨ម៉ ។
កន្លងមករដ្ឋបាលខេត្តបានអោយម្ចាស់សំណង់នេះរុះរើអោយបានមុនថ្ងៃទី២៨ខែមិថុនា ឆ្នាំ ២០១៧ តែម្ចាស់ផ្ទះសុំពន្យាពេលរហូតដល់ថ្ងៃ៣១ខែតុលា ២០១៧ តែជាក់ស្តែងម្ចាស់សំណង់នេះមិនគោរពតាមកិច្ចសន្យានេះទេរហូតដល់ពេលនេះ។
លោក អភិបាលស្រុក អោយដឹងបន្ថែមទៀតថា បញ្ហានេះក្រុមប្រជាពលរដ្ឋបានដាក់ពាក្យប្តឹងសុំបើកផ្លូវនេះឡើងវិញទៅ អភិបាលខេត្ត ហើយក៏ធ្លាប់លើកគ្នាមកតវ៉ាសុំបើកផ្លូវនៅសាលាស្រុកចំនួនពីរដងហើយដែរ។
លោក ស កក្កដា បានបញ្ជាក់បន្ថែមថា ករណីនេះរដ្ឋបាលស្រុកបានហៅម្ចាស់សំណង់រំលោភផ្លូវនេះមកសម្របសម្រួលជាច្រើនលើកមកហើយដែរ។
កន្លងទៅ លោកស្រី សុខ ហៀង ម្ចាស់សំណង់នេះក៏បានយល់ព្រមរុះរើចេញដោយខ្លួនឯងតែជាក់ស្តែងគាត់មិនអនុវត្តតាមកិច្ចសន្យាជាមួយអាជ្ញាធរឡើយដោយចេះតែពន្យាពេលរហូត។ទើបចុងក្រោយនេះនៅថ្ងៃទី២៦ ធ្នូ ២០១៧ នេះរដ្ឋបាលស្រុកព្រៃនប់សម្រេចចុះវាយកំទេចបើកផ្លូវ តបតាម សជណ របស់រដ្ឋបាលខេត្តព្រះសីហនុតែម្តងដើម្បីបម្រើប្រយោជន៏ប្រជាជនទូទៅជាពិសេសអ្នកភូមិរាប់រយគ្រួសារដែលរស់នៅភូមិខាងក្រោយ។
ជាមួយគ្នានេះដែរ ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏បញ្ជាក់ថា៖អ្វីៗដែលរដ្ឋបាលខេត្តបាននឹងកំពុងធ្វើនេះ ឧទាហរណ៏ដូចជា ការបើកផ្លូវនៅភូមិបឹងវែងនេះនិងការរៀបចំឆ្នេរហាវ៉ៃនៅក្រុងព្រះសីហនុជាដើម គឺធ្វើឡើងដើម្បីប្រយោជន៏សាធារណៈនិងបំរើអោយអ្នកខេត្តព្រះសីហនុទាំងមូល។
ដូច្នេះសូមមន្ត្រីរាជការក្តី ប្រជាពលរដ្ឋយើងក្តី សូមចូលរួមគាំទ្រជាមួយរដ្ឋបាលខេត្តព្រះសីហនុដើម្បីធ្វើអោយមានភាពប្រសើរឡើង,ក៏ដូចជារួមគ្នាអភិវឌ្ឍខេត្តព្រះសីហនុអោយកាន់តែរីកចំរើនថែមទៀតនិងត្រូវផ្លាស់ប្តូរចោលនូវទំលាប់មិនល្អទាំងឡាយដែលធ្លាប់មានកន្លងមកហើយរៀបចំខ្លួនអោយបានកាន់តែល្អប្រសើរថែមទៀត៕