ខេត្តព្រះសីហនុ៖រយៈពេលបីថ្ងៃនៃពិធីអបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០១៧.២០១៨ ភ្ញៀវទេសចរជាង២០ម៉ឺននាក់បាននាំក្រុមគ្រួសារមកកំសាន្តនៅខេត្តព្រះសីហនុយ៉ាងសប្បាយរីរាយ។មូលហេតុដែលធ្វើអោយខេត្តព្រះសីហនុនៅតែជាគោលដៅទេសចរណ៏ដ៏សំខាន់របស់ភ្ញៀវគឺដោយសារតែខេត្តព្រះសីហនុមានឆ្នេរខ្សាច់ស្អាត ទឹកសមុទ្រថ្លាយង់ មានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធស្របពេលដែលប្រទេសយើងមានសុខសន្តិភាព សុវត្ថិភាព និងជីវភាពពលរដ្ឋយើងក៏មានល្អប្រសើរផងដែរ។
យោងតាមរបាយការណ៏របស់មន្ទីរទេសចរណ៏ខេត្តព្រះសីហនុបានអោយដឹងថាក្នុងរយៈពេលបីថ្ងៃនៃថ្ងៃបុណ្យឆ្លងឆ្នាំ២០១៧.២០១៨នេះ គិតចាប់តាំងពីថ្ងៃទី២៩ ៣០ ៣១ ខែធ្នូ ឆ្នាំ២០១៧ នេះភ្ញៀវទេសចរដែលបានមកលេងកំសាន្តនៅខេត្តព្រះសីហនុមានចំនួន ២១.៥០០០នាក់(ម្ភៃមួយម៉ឺនប្រាំពាន់) កើនឡើង២.៣៨% បើធៀបទៅនឹងឆ្នាំ២០១៦។ទន្ទឹមនេះដែរតំលៃបន្ទប់ស្នាក់នៅតាមសណ្ឋាគារនិងផ្ទះសំណាក់រួមទាំងតំលៃម្ហូបអាហារក៏មានការឡើងថ្លៃគួរអោយកត់សំគាល់។
គួររំលឹកថាក្នុងឆ្នាំនេះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយសភាជាណិជ្ជកម្មខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ក៏បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍លក់ផលិតផលជាច្រើនស្តង់និងប្រគំតន្ត្រីជាច្រើនវង់ផងដែរ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល២០១៧ – ២០១៨ និងសំរាប់អោយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបាននាំក្រុមគ្រួសារមកឆ្លងឆ្នាំនៅខេត្តព្រះសីហនុនាឆ្នាំនេះបានកំសាន្តសប្បាយរីករាយ។
មជ្ឍដ្ឋានមហាជនសំដែងក្តីសប្បាយរីរាយនិងបានលើកឡើងថានេះគឺជាព្រឹត្តិការណ៏ដ៏អស្ចារ្យណាស់សំរាប់ខេត្តព្រះសីហនុដែលពីមុនមកមិនដែលមានព្រឹត្តិការណណ៏ដ៏គគ្រឹកគគ្រេងបែបនេះទេ។
ឯកឧត្តម យន្ត មីន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា៖” ការរៀបចំឲ្យមានព្រឹត្តិការណ៍នេះឡើងគឺ ដើម្បីអបអរសាទរឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៧.២០១៨នេះ។ ហើយព្រឹត្តការណ៍នេះបានក្លាយជាព្រឹត្តិការទេសចរណ៍ដ៍សប្បាយរីករាយក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុក៏ដូចជាការ បង្ហាញអំពីភាពជាដីគូយ៉ាងល្អប្រសើររវាងរដ្ឋនិងវិស័យឯកជន ក្នុងការចូលរួមផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ដ៍សម្បូរបែបរបស់ខេត្តព្រះសីហនុ និងការរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុអោយការរីកចម្រើនគួរឲ្យកត់សំគាល់ពីមួយថ្ងៃទៅមួយថ្ងៃនិងបានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពកាន់តែប្រសើរឡើងជាលំដាប់។”
ឯកឧត្តម យន្ត មីន ខណៈនោះដែរក៏បានផ្ញើសារជូនពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបាននាំក្រុមគ្រួសារមកលេងកំសាន្តនៅខេត្តព្រះសីហនុនាឆ្នាំនេះផងដែរ៕សាវ៉ុន