បន្ទាយមានជ័យៈ
ផ្ទះពីរខ្នងសង់ពីថ្មប្រក់សង្ក័សីដែលជាអំណោយរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនដល់គ្រួសារនិវត្តន៍ជនចំនួនពីរគ្រួសារដែលកំពុងតែជួបការលំបាកនិងគ្មានទីជម្រក។ការប្រគល់ជូនធ្វើឡើងនៅព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០១៨ក្នុងភូមិស្នូរទ្រេតឃុំអូរបីជាន់ស្រុកអូរជ្រៅក្រោមវត្តមានលោកអាន វណ្ណះ អភិបាលរងស្រុកអូរជ្រៅ លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យបានអោយដឹងថា ផ្ទះចំនួនពីរខ្នងនេះត្រូវបានប្រគល់ជូនលោក ប៊ី ប៊ុន អាយុ៥៨ឆ្នាំរស់នៅក្នុងភូមិស្នូរទ្រេត និវត្តន៍ជនពីអង្គភាពកងពលលេខ៤ និងលោក សាំង រុន អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិកូនត្រី នៃស្រុកអូរជ្រៅ។
សំណេះសំណាលជាមួយគ្រួសារនិវត្ត៍ជននាឱកាសនោះលោក អាន វណ្ណះបានលើកឡើងថាថ្វីត្បិតតែបងប្អូនបានចូលនិវត្តន៍ ក៏ពិតមែន តែក្រោមគុណូបការៈ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់បងប្អូន រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បងប្អូនតែងទទួលបានការគិតគូរនិងយកចិត្តទុកដាក់ដោយមិនទុកចោលអោយបងប្អូនរស់នៅជួបប្រទះនូវការលំបាក រស់នៅគ្មានទីជម្រកសមរម្យ នោះទេ។ហើយដើម្បីឆ្លើយតបទៅនឹងគុណបំណាច់នេះ សម្តេចលោកបានផ្តល់នូវទីជម្រកដ៏សមរម្យមួយខ្នងសម្រាប់អោយក្រុមគ្រួសារនិងកូនចៅរស់នៅបានស្មើមុខស្មើមាត់និងគេ ពិសេសក្រោយចូលនិវត្តន៍បងប្អូនអាចប្រកបមុខរបរផ្សេង ទៀតបានដោយមិនបាច់ខ្វាយខ្វល់ថាត្រូវរកលុយដើម្បីសង់លំនៅនោះទេ។
ក្រោមក្រសែភ្នែកដែលពោរពេញដោយការសប្បាយរីករាយនឹងទឹកភ្នែករលីងរលោងផងនោះលោក ប៊ី ប៊ុន តំណាងគ្រួសារសោធននិវត្តន៍បានធ្វើការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅនឹងដឹងគុណចំពោះសម្តេចដែលបានគិតគូរនិងផ្តល់ផ្ទះមួយខ្នងដែលទីជម្រកដ៏កក់ក្តៅសំរាប់ក្រុមគ្រួសាររបស់គាត់បានរស់នៅសមរម្យដូចគេដូចឯង។មានតែសម្តេចទេដែលជានិច្ចកាលលោកតែងតែគិតគូដល់ពីសុខទុក្ខរបស់យុទ្ធជនទាំងសមរភូមិមុខនិងសមរភូមិក្រោយមិនតែប៉ុណ្ណោះសោធននិវត្តន៍ ពលី ពិការ ក៏ទទួលបានការគិតគូរដូចគ្នា៕ដោយ៖ឃិន គន្ធា