កប៉ាល់ដឹកទំនិញ បុកកាណូតនេសាទ្រ ស្លាប់កម្មករខ្មែរ ថៃ ៤នាក់

0

ប្រទេសថៃ ៖ ជនរងគ្រោះចំនួន៤នាក់ ដែលក្នុងនោះមានពលករខ្មែរចំនួន២នាក់ និងថៃចំនួន២នាក់ ដែរនោះ បានស្លាប់យ៉ាងវេទនានៅក្នុងទឹកសមុទ្រ ក្នុងចំណោមកម្មករនេសាទ្រសរុបចំនួន៨ នាក់ បន្ទាប់ពីកាណូតនេះត្រូវបានកប៉ាល់ដឹកទំនិញធុនធំមួយគ្រឿង បាន បើកមកបុកទាំងកម្រោលបណ្តាលអោយលិចទៅក្នុងផ្ទៃទឹកនោះតែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១ រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុច ១២ អង្សារ និង ៣.២៨ ខ្សែស្របខាងជើង និង ១០១ អង្សារ ខ្សែបណ្តោយ
ខាងកើត ដែលមានចម្ងាយពីច្រាំង ក្នុងស្រុកសត្វហុីប ខេត្តឆុនបុរី ប្រមាណ ៣៨ ម៉ៃល៍ គឺជាង ៦១ គីឡូម៉ែត្រ ។
លោកឧត្តមសេនីយ៍ បាន់ចុប ពោធិដែង មេបញ្ជាការ កងទ័ពជើងទឹកតំបន់១ ដែលមាននាទី ទំនាក់ទំនងការងារ និងការរក្សាសុវត្ថិភាពលើផ្ទៃទឹក បានទទួលព័ត៌មានពីកំលាំង តម្រួតចរាចរណ៍ផ្លូវទឹកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្ទៃទឹកដោយសារតែមានកប៉ាល់ដឹកទំនិញធុនធំបានបុកជាមួយនឹងកាណូតនេសាទ្រយីហោ
ឆូកឈូឆៃបណ្តាលអោយលិចកាណូតនេសាទ្រដោយនៅលើកាណូតនោះមានមនុស្សចំនួន ៨ នាក់ ( ថៃ៣នាក់ ខ្មែរ៥នាក់ ) រីឯកប៉ាល់ដឹកទំនិញនោះមិនស្គាល់អត្តសញ្ញាណ ច្បាស់លាស់ឡើយ ។ បន្ទាប់ពីបានដាក់កំលាំងអោយចុះទៅពិនិត្យទីតាំងកើតហេតុរួចមក គឺមនុស្សចំនួន៤នាក់ ត្រូវបានសង្គ្រោះអោយរួចផុតពីសេចក្តីស្លាប់ ចេញពីផ្ទៃទឹក ដែលក្នុងនោះមានពលករខ្មែរចំនួន៣នាក់ និងថៃម្នាក់ ព្រមទាំងបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ សម្តេចព្រះនាង សិរិគិត ដែលជាមន្ទីរពេទ្យរបស់កងទ័ពជើងទឹក ក្នុងខេត្តឆុនបុរី ដោយឡែក កម្មករនេសាទ្រចំនួន ៤ នាក់ទៀត បានបាត់ខ្លួននៅក្នុងទឹកសមុទ្រនោះ ដែលមានពលករខ្មែរ ចំនួន២នាក់ និងថៃចំនួន២នាក់ ( ខ្មែរសុរិន្ទម្នាក់ ) ។
នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៨ នេះ លោក សាំរើង ច័ន្ទសូ សេនាធិការ កងទ័ពជើងទឹកតំបន់១ បានបញ្ជាអោយក្រុមឧទ្ថម្ភាកចក្រ ធ្វើការហោះឆ្វែល ត្រូតពិនិត្យទីតាំងនោះសារជាថ្មី ព្រមទាំងបានដាក់កំលាំងកប៉ាល់ចម្បាំង អោយចុះទៅ
កាន់ចំណុច ៩៩៥ ដោយអោយកំលាំងមួយចំនួន បំពាក់បំពង់ខ្យល់មុជចុះទៅក្នុងទឹកដើម្បីតាមស្រាវជ្រាវរកសពដែលបានបាត់ខ្លួន ។ នៅទីបំផុត សពមនុស្សចំនួន៤នាក់ ត្រូវបានរកឃើញ ដែលក្នុងចំណោមសពពលករខ្មែរ
ទាំងពីរនាក់ គឺមានម្នាក់រស់នៅភូមិពន្លៃ ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ ដោយសពទាំងអស់នេះ ត្រូវបានយកទៅរក្សាទុកនៅក្នុងមន្ទីរពេទ្យស្រុកសត្វហុីប ត្រង់គីឡូម៉ែត្រ លេខ១០ ដើម្បីស្រាវជ្រាវរកសាច់ញាតិ បងប្អូន ដោយឡែកកាណូតដែលលិច ក៏ត្រូវបាន កំលាំងកងទ័ពជើងទឹក នឹងចុះទៅស្ទូចយកមកលើគោកវិញ ចំណែកកំលាំងតម្រួត
ចរាចរណ៍ផ្លូវទឹក ក៏នឹងចុះទៅចំណុចបរិវេណកោះសុីឆៃ ដែលជាផែកប៉ាល់របស់ខេត្តឆុនបុរីដើម្បីពិនិត្យ និងរកមើលកប៉ាល់ដឹកទំនិញណាមួយដែលមានការពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ខាងលើនេះ ក្នុងការនាំយកមកដោះស្រាយតាមផ្លូវច្បាប់ ៕