អាវុធហត្ថបង្ហាញមុខសញ្ញាជួញដូរគ្រឿងញៀនដែលទើបបង្ក្រាបបានទ្រង់ទ្រាយធំ

0

បន្ទាយមានជ័យៈ
អាវុធហត្ថខេត្តបន្ទាយមានជ័យបានដាក់បង្ហាញមុខសញ្ញាជួញដូរថ្នាំញៀនដ៏ធំ និងបក្សពួកដែលកម្លាំងជំនាញទើបតែបង្ក្រាបានកាលពីល្ងាចថ្ងៃទី១៣និងរសៀលថ្ងៃទី១៤ខែមករាម្សិលម៉ិញ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអោយដឹងនៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៨ថា៖ ក្រោមការស៊ើបអង្កេតជាច្រើនខែនូវមុខសញ្ញាជួញដូរខាងលើ កម្លាំងជំនាញរបស់អាវុធហត្ថខេត្ត ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការសម្របសម្រួលពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបានចាប់និងឃាត់ខ្លួនបក្សពួកនឹង មុខសញ្ញាជួញនៅពីរទីតាំងផ្សេងគ្នា។ នៅល្ងាចថ្ងៃទី១៣ខែមករា វេលាម៉ោង០៤និង០០នាទី កម្លាំងអាវុធហត្ថបានសម្រុកចូលទីតាំងបន្ទប់ជួលមួយកន្លែងក្នុងបរិវេណកាស៊ីណូក្រុមហ៊ុនអានកូ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ឃាត់ខ្លួនបក្សពួក៤នាក់យកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។បន្ទាប់ពីបានចម្លើយសារភាពពីកន្លែងលាក់ខ្លួនរបស់មេក្លោង នៅល្ងាចថ្ងៃទី១៤ខែមករាកម្លាំងជំនាញបានឡោមពទ្ធ័នឹងឃាត់ខ្លួនមេក្លោងប្រុសស្រីពីរនាក់ប្តីប្រពន្ធនឹងបានរឹបអូសវត្ថុតាងជាច្រើន។
លោកឧត្តមសេនីយ៍ បោន ប៊ិន បានបញ្ជាក់ថា ចំពោះមេក្លោងគ្រឿងញៀនដែលកម្លាំងជំនាញអាវុធឃាត់ខ្លួនបានមានឈ្មោះ លី លាងគង់ ភេទប្រុសអាយុ៣៥ឆ្នាំ ប្រពន្ធ ឈ្មោះ វុន សុភាព អាយុ២៨ឆ្នាំ ។ វត្ថុតាងដែលរឹបអូសបានមាន កញ្ឆាស្ងួត៤ថង់ ទម្ងន់៥៥២១.៣ក្រាម គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៧ថង់កិបទម្ងន់២៥០.៨ក្រាម គ្រឿងញៀនអិចស្តាស៊ីចំនួន៥៩៤គ្រាប់និង៥ថង់កិបទម្ងន់១៧៧.៧ក្រាម ថ្នាំជក់ចំនួ។០១ថង់កិបទម្ងន់២៤.៦ក្រាម។ក្នុងនោះបានដកហូតអាវុធខ្លី២ដើម គ្រាប់កាំភ្លើងម៉ាកបារ៉ែតាតូចចំនួន៥០គ្រាប់ គ្រាប់ម៉ាកកាលីឌូ ២៥គ្រាប់ គ្រាប់ថ្នាំរាងមូលទ្រវែងសលឿងពីរគ្រាប់ ទឹកសច្រកដបរុំស្គុតពីរដប ជញ្ជើងសម្រាប់ថ្លឹងមួយ ដបជក់ស៊ីសាមួយនិងទឹកថ្នាំ០៤ដប ឧបករណ៍មូរបារីកញ្ឆាបី គ្រាប់កាំភ្លើងខ្លី១៣គ្រាប់ស្រោមកាំភ្លើង៤ ព្រមទាំងរថយន្តឡុចស៊ីសមួយគ្រឿង។លោកក៏បានបញ្ជាក់បន្ថែមទៀតថាចំពោះមេក្លោងឈ្មោះ លី លាងគង់ នេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគារពីរជាបីលើករួចមកហើយតែបុគ្គលនេះ ហាក់មិនមានការរាងចាលនៅតែប្រព្រឹត្តជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំដដែល។
លោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងបានថ្លែងនូវការកោតសរសើរចំពោះស្នាដៃរបស់លោកមេបញ្ជាការ ព្រមទាំងមន្ត្រីអាវុធហត្ថទាំងអស់ដែលបង្ក្រាបបានមេក្លោងគ្រឿងញៀនដ៏ធំដែលកំពុងលាក់ខ្លួនជួញដូរយ៉ាងសកម្មក្នុងក្រុងប៉ោយប៉ែត។ លោកបន្តថាថ្វីត្បិតតែការបង្ក្រានេះវាអាចអស់ តែលោកសង្ឃឹមថាការចាប់ខ្លួនមេក្លោងពីរនាក់ប្តីប្រពន្ធនេះអាចនឹងធ្វើអោយមេក្លោងផ្សេងទៀតមានការខ្លាចរអា មិនហ៊ានប្រព្រឹត្តនៅក្នុងក្រុងប៉ោយប៉ែតទៀតទេ ពិសេសសង្ឃឹមថាអាចនឹងមានការថយចុះ។ ជាមួយនោះលោកព្រះរាជអាជ្ញាក៏បានជំរុញបន្ថែមអោយអាវុធហត្ថខេត្តខិតខំបន្ថែមទៀតធ្វើយ៉ាងណាអោយមូលដ្ឋានយើមានការថយចុះនិងឈានដល់គ្មានគ្រឿងញៀននាពេលអនាគត៕ដោយ៖ឃិន គន្ធា