ខេត្តព្រះស៊ីហនុ៖ប្រតិភូស្នងការសន្តិសុខជាតិខេត្តជាំងស៊ូ ចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ ក្នុងបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសន្តិសុខដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគអោយបានចំនួន៣០០ ក្រុមហ៊ុនចូលមកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ស្របតាមផែនការដែលបានគ្រោងទុក។
ព្រឹកថ្ងៃទី១៤ រោចខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ គណៈប្រតិភូសន្តិសុខជាតិខេត្តជាំងស៊ូ ដឹកនាំដោយលោក CHANG HEAPING ស្នងការរងសន្តិសុខជាតិខេត្តជាំងស៊ូ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្តជាំងស៊ូ បានចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងពង្រឹងសន្តិសុខ សុវត្ថិភាពនិងសុំកិច្ចសហការគាំទ្រដល់ក្រុមហ៊ុន ហុងតូ របស់ខេត្តជាំងស៊ូប្រទេសចិនដែលបានមកធ្វើការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ។
ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រតិភូសន្តិសុខជាតិខេត្តជាំងស៊ូ ដែលមកទស្សនកិច្ចខេត្តព្រះសីហនុ។
ឯកឧត្តម យន្ត មីន ស្វាគមន៏អ្នកវិនិយោគចិនក៏ដូចជាទេសចរចិន ដែលមានបំណងមកវិនិយោគ ឬមកកំសាន្តនៅក្នុងខេត្តព្រះសីហនុនិងបានជ្រើសយកខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ និងវិនិយោគ។
លោក CHANG HEAPING ស្នងការរងសន្តិសុខជាតិខេត្តជាំងស៊ូ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្តជាំងស៊ូ ថ្លែងអំណរគុណអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឲ្យគណៈប្រតិភូសន្តិសុខជាតិខេត្តជាំងស៊ូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាពេលនេះ។លោក CHANG HEAPING អោយដឹងថា ដំណើរទស្សនកិច្ចរបស់លោក គឺមានគោលបំណងសហប្រតិបត្តិការផ្នែកសន្តិសុខ និងសុំអោយមានជួយគាំទ្រដល់ក្រុមហ៊ុន ហុងតូ ដែលកំពុងធ្វើការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។លោក បន្តថា ខេត្តព្រះសីហនុ ជាតំបន់គួរអោយទាក់ទាញវិនិយោគ និងទេសចរណ៍ចិនយ៉ាងសំខាន់ហើយឆ្លងតាមដំណើទស្សនៈកិច្ចនៅពេលនេះខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ មានទំនាក់ទំនងកាន់តែល្អថែមទៀត។ លោក CHANG HEAPING បានបន្តថា ខេត្តជាំងស៊ូ មានទំនាក់ទំនងល្អជាមួយខេត្តព្រះសីហនុ ឆ្លងតាមរយៈការវិនិយោគរវាងខេត្តទាំងពីរក្នុង រយៈពេល ១០ឆ្នាំមកនេះ បង្កើតបាននូវសមិទ្ធិផលជាច្រើន មានរោងចក្រចំនួន១១៨ ភាគច្រើនមកពីខេត្តជាំងស៊ូ បានស្រូបយកកម្លាំងពលកម្ម ១៧,០០០នាក់ ។
ក្រុមហ៊ុន ហុងតូ មានគម្រោង សាងសង់រោងចក្រចំនួន៣០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ នឹងអាចផ្តល់ការងារប្រមាណជា ៦ម៉ឺនកន្លែង។
លោកក៍បានសំណូមពរអភិបាលខេត្ត ជួយគាំទ្រដល់ក្រុមហ៊ុនហុងតូ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបានកោតសរសើរដល់អាជ្ញាធរខេត្តព្រះសីហនុ ដែលបានសហការល្អជាមួយក្រុមហ៊ុន ហុងតូ ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកពីប្រទេសចិន កាន់តែ ច្រើនបន្ថែមមទៀតនៅពេលខាងមុខ៕
ដោយ៖ខៀវ សាវ៉ុន