ចោរថ្លើមធំហ៊ានចូលលួចយករថយន្តមួយគ្រឿងបានដោយសុវត្ថិភាព ខណៈម្ចាស់ផ្ទះដេកលង់លក់

0

(កំពត)៖ មានភាពភ្ញាក់ផ្អើលខណៈម្ចាស់ផ្ទះបានឆោឡោថាមានចោរលួចរថយន្តយកទៅបាត់ដោយគ្មានរំខានដល់ដំណេកម្ចាស់ផ្ទះឡើយ ដោយហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា០៤ទៀបភ្លឺ ថ្ងៃទី២៧ខែមករា ឆ្នាំ២០១៨ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសាលី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមការរៀបរាប់ពីសំណាក់ម្ចាស់ផ្ទះ ដែលមានបី្តឈ្មោះ ភោគ ដយ អាយុ៣១ឆ្នាំ មុខរបរមន្ត្រីពេទ្យបង្អែកស្រុកកំពង់ត្រាច និងប្រពន្ធឈ្មោះ តេង គីម អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើបាននិយាយថា ក្នុងយប់កើតហេតុ គាត់ជាម្ចាស់ផ្ទះបានយករថយន្តប្រភេទ ឆ្លាមពណ៌ស សេរីឆ្នាំ២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2U-4146 យកមកចតទុកក្នុងមុខសំយ៉ាបផ្ទះរបស់ខ្លួន ហើយក្រុមគ្រួសារក៏នាំគ្នាបិទទ្វារផ្ទះ ហើយសម្រាកលង់លក់រហូតដល់វេលាជិតភ្លឺទើបរូបគាត់ក៏បើកទ្វារផ្ទះបំណងជិះរថយន្តទៅផឹកកាហ្វេតាមទម្លាប់ ស្រាប់តែត្រូវចោរលួចរថយន្តយកទៅបាត់ដោយគ្មានរំខានដល់រូបគាត់ឡើយ។ម្ចាស់ផ្ទះបានអះអាងថា នៅក្នុងរថយន្តមានលុយរៀលចំនួនជាងម្ភៃមឺុនរៀល និងសម្ភារៈមួយចំនួនទៀតផង។
បើតាមអ្នកជិតខាងម្នាក់ ឈ្មោះ កោះ កយ ភេទប្រុស អាយុ៤៧ឆ្នាំ ដែលមានទីលំនៅក្បែរផ្ទះកើតហេតុ បាននិយាយថា ករណីនេះចោរអាចលួចរថយន្តក្នុងចន្លោះម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២៧ខែមករា ឆ្នាំ២០១៨ ព្រោះក្នុងវេលានោះគាត់ឃើញមានអ្នកបើករថយន្តនោះចេញពីមុខផ្ទះជនរងគ្រោះ តែគាត់មិនចាប់អារម្មណ៍អ្វីទេដោយស្មានថាជាម្ចាស់រថយន្ត។ប្រភពអ្នកជិតខាងដដែល បានបញ្ជាក់ថា រថយន្តនេះត្រូវបានគេបើកឆ្ពោះទៅទិសខាលលិច តាមកំណាត់ផ្លូវជាតិលេខ៣៣កាលពីវេម៉ោង ១រំលងអាធ្រាតនេះហើយ។
ពាក់ព័ន្ធនឹងករណីបាត់រថយន្តប្រភេទឆ្លាម ពណ៌សខាងលើ សមត្ថកិច្ចក៏បានចុះមកធ្វើកំណត់ហេតុ និងកំពុងស្រាវជ្រាវរកតម្រុយ ព្រមទាំងប្រកាសតាមវិទ្យុទាក់ទងទៅកាន់សមត្ថកិច្ចតាមគោលដៅនានា ទូទាំងប្រទេស ដើម្បីតាមប្រមាញ់រកមុខសញ្ញាក្រុមចោរថ្លើមធំនេះគ្រប់ច្រកល្ហក។
មហាជនបានលើកឡើងថា៖ នេះជាលើកទីមួយ ដែលក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត មានកើតករណីចោរចូលលួចរថយន្តដល់សំយ៉ាបផ្ទះ ដោយគ្មានរំខានដល់ម្ចាស់ផ្ទះ និងសមត្ថកិច្ចឡើយ។ដូច្នេះចាប់ពីពេលនេះទៅ ដើម្បីធានាសុវត្ថិភាព ក៏ដូចជារក្សាទ្រព្យសម្បតិ្តឲ្យបានគង់វង្ស សូមម្ចាស់រថយន្តគ្រប់ប្រភេទ គួរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផង៕