អភិបាលខេត្តព្រះសីហនុប្រគល់ផ្ទះមួយខ្នងជូនគ្រួសារស្ត្រីមេម៉ាយក្រីក្រនៅស្រុកព្រៃនប់

0

ផ្ទះមួយខ្នង ត្រូវបានប្រគល់ជូនស្ត្រីមេម៉ាយកូនមួយរស់នៅជួបកាលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃនៅស្រុកព្រៃនប់។ 

ព្រឹកថ្ងៃអាទិត្យ១២កើតខែមាឃឆ្នាំរកា ពស២៥៦១ត្រូវនឹងថ្ងៃទី ២៨ ខែ មករា២០១៨ នេះ

ឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងក្រុមការងារគណបក្សប្រជាជនថ្នាក់ខេត្តចុះពង្រឹងស្រុកព្រៃនប់ បានប្រគល់ផ្ទះមួយខ្នងជូនបងស្រី នៅ ហឿន អាយុ ៣២ ឆ្នាំ ជាស្ត្រីមេម៉ាយកូនមួយនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងស្ថានភាពទីទ័លក្រជួបកាលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ដោយមើលឃើញពីភាពជាក់ស្តែងរបស់បងស្រី នៅហឿន តាមរយៈអាជ្ញាធរមូលដ្ឋានក្រុមការងារក៍បានរៀបចំសង់ផ្ទះជូនគាត់ស្នាក់នៅបន្ទាប់ពីមានការចង្អុលបង្ហាញពីឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ។ ពេលនេះលោកស្រី នៅ ហឿន បានទទួលផ្ទះមួយខ្នងរស់នៅសមរម្យដូចគេឯងហើយ។

 

លោកស្រី នៅ ហឿន សំដែងក្តីអំណរនិងអរគុណចំពោះ ឯកឧត្តម យន្ត មីន និងក្រុមការងារចុះជួយស្រុកព្រៃនប់ដែលបានយកចិត្តទុកដាក់ដល់ប្រជាជនតាមមូលដ្ឋានជនបទដូចជារូបគាត់ជាដើម។

 

ឱកាសនោះដែរ ឯកឧត្តម យន្ត មីន បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម យន្ត មីន បានរំលឹកមន្ត្រីតាមមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជនអោយបានជាប្រចាំនិងព្យាយាមជួយបងប្អូនអោយបានទាន់ពេលវេលានៅពេលគាត់ជួបបញ្ហាផ្សេងៗចៀសវាងការព្យាយាមលាក់កំបាំងបញ្ហា។

បើរឿងណាដោះមិនបានឬជួយមិនបានត្រូវ រាយការណ៍មកថ្នាក់ខេត្តដើម្បីរកមធ្យោបាយជួយបន្តភ្លាមៗតែម្តងធ្វើយ៉ាងណាកុំអោយពលរដ្ឋនៅឯកោ។

សូមបញ្ជាក់ថាកន្លងមកឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានសង់ផ្ទះជូនពលរដ្ឋទីទ័លក្របានមួយចំនួនរួចមកហៀយដែរជាពិសេសនៅស្រុកព្រៃនប់នេះ៕

ដោយ៖ខៀវ សាវ៉ុន