កំពត៖ នៅរសៀលថ្ងៃពុធ១៥កើតខែមាឃឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី៣១ខែមករាឆ្នាំ២០១៨ ។ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីបុណ្យ មាឃបូជា ក្រោមវត្តមានចូលរួមពីសំណាក់ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមអ៉ឹង ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្ត។
កម្មវិធីបុណ្យរៀបចំឡើងដោយ បាននិមន្តនិងអញ្ជើញ ព្រះសង្ឃ និងថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរ អង្គភាពជុំវិញខេត្ត សីលវន្ត សីលវតី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ព្រមទាំងសិស្សាសិស្ស
និសិត្ស ចូលរួមយ៉ាងច្រើនកុះករ។ ពិធីបុណ្យបានប្រព្រឹត្តទៅដោយដង្ហែរ ក្បួនពីសាលាខេត្តកំពតមកកាន់ទីសក្ការៈប្រាសាទដើមពោធិ៍នៅក្នុងសង្កាត់កំពង់កណ្ដាលក្រុងកំពត។ រួចវេរគ្រឿងសក្ការៈបូជា ព្រះសង្ឃនិងនិមន្តព្រះសង្ឃសម្ដែងធម៌ទេសនាគ្រែ៥។
លុះព្រឹកឡើងថ្ងៃបន្ទាប់ក៏បានវេរចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលជូនបុព្វការីជន និងញាតិមិត្តទាំង ៧សន្ដានរួចនិមន្តព្រះសង្ឃបិណ្ឌបាតចំនួន៨០០អង្គជាកិច្ចបង្ហើយពិធីបុណ្យ។
-គួររំលឹកថា៖បុណ្យមាឃបូជាគឺជាបុណ្យមួយក្នុងបណ្ដាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើពិភពលោក តែងតែ ប្រារព្ធ ធ្វើពុំដែលខាន។
ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នៅគ្រប់វត្តអារាមទូទាំងប្រទេសក៏ត្រូវបានពុទ្ធសាសនិកខ្មែរ
យើងតែងតែប្រារព្ធធ្វើបុណ្យមាឃបូជានេះឡើងព្រមគ្នាផងដែរ ដោយបានចាត់ទុកថា ជាការបំពេញមហាកុសលដ៏ថ្លៃថ្លាបំផុត។
សម្រាបនៅខេត្តកំពត រដ្ឋបាលខេត្ត
ក៏តែងតែប្រារព្ធប្រតិបត្តិធ្វើឡើងពុំដែលអាក់ខានជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃជាមហាមង្គលទាំងពីរ នៃព្រះសម្មា
សម្ពុទ្ធបរមគ្រូនៃយើង ដែលទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារផង និងថ្ងៃប្រជុំចតុរង្គសន្និបាតនៃព្រះអរហន្ត ទាំង១២៥០អង្គផង។