នគរបាលក្រុងដូនកែវចាប់ខ្លួនមុខសញ្ញា គាស់សោរលួចយកឆ្នោតកោសបានម្នាក់

0

តាកែវៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខេត្តតាកែវធ្វើការចាប់ខ្លួនបានរួចកសាងសំណុំរឿង ដោយជាប់ពាក់ព័ន្ធនិងករណីគាស់សោរលួចយកឆ្នោតកោស។ ហេតុការណ៍នេះបានកើតឡើងកាលពីពេលកណ្ដាល អាធ្រាតថ្ងៃទី១៧ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង00និង30នាទី នៅចំណុចភូមិត្រាំ សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានអោយដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចយើងចាប់ខ្លួនបានមានឈ្មោះ ប៉ុក ថេប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឡូរី សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ចំណែកបក្សពួក២នាក់ទៀតដែលរត់គេចខ្លួនបាត់រួមមានឈ្មោះ អាគីម ភេទប្រុស និងអាស៊ីត ភេទប្រុស ទាំង២នាក់មានទីលំនៅនិងមុខរបរមិនពិតប្រាកដ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថានៅពេលកើតហេតុពួកគេមានគ្នា៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AJ 6037 ទៅដល់ចំណុចកើតហេតុក៍នាំគ្នាធ្វើសកម្មភាពគាស់សោរធុងក្លាសេរបស់ឈ្មោះ សំ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរលក់ឆ្នោតកោស រស់នៅភូមិកើតហេតុខាងលើ ដោយយកបានឆ្នោតកោសចំនួន៦ដុំស្មើរនឹង500សន្លឹកគិតជាទឹកប្រាក់ស្មើរនឹង300$ ដោយឆ្នោតទាំងនោះពួកគេយកទៅកោសត្រូវចំនួន៣២សន្លឹក ស្មើរនឹងទឹកប្រាក់ ៣២.៨០០០៛ ហើយពួកគេបានយកឆ្នោតដែលត្រូវរង្វាន់នោះទៅប្ដូរនៅខាងត្បូងផ្សារតាកែវក៍ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ តាកែវ