ខេត្តតាកែវ៖ ដោយអនុវត្តតាមការណែនាំ និងបញ្ជាផ្ទាល់ពី សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នៅព្រឹកថ្ងៃសុក្រ ៦កេីត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ត្រី ពៅ លន់ ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស បានដឹកនាំក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោកអធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឧត្តមសូរិយា និងសហការី បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦លានរៀល ប្រគល់ជូនដល់លោកស្រី អោម យ៉េន ត្រូវជាភរិយានៃសព លោក សូ ផុន ជាមន្រ្តីនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតនៅភូមិរំលេចស្វាយ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបន្សល់ទុកនូវកូនកំព្រាឪពុកចំនួន១១នាក់នៅក្នុងបន្ទុកគ្រួសារ។
ថ្លែងក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ស្នងការនគរបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕








































