(ខេត្តព្រះសីហនុ)៖រដ្ឋបាលខេត្តព្រះសីហុ គ្រោងចាត់វិធានការក្តៅចំពោះទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាននិងទីតាំងអាគារពាណិជ្ជកម្មនានាដែលមិនមានអាងចំរោះទឹកកខ្វក់បន្ទាប់ពីការទុកពេល៩០ថ្ងៃបានផុតកំណត់។
យោងតាមការបញ្ជាក់ របស់លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រពន្ធ័អូរប្រឡាយ លូរនិងអាងចំរោះទឹកកខ្វក់នៃសាលាខេត្តព្រះសីហនុ បន្ទាប់ពីកិច្ចប្រជុំមួយដឹកនាំដោយ ឯកឧត្តម យន្ត មីន និងមានមន្ត្រីជំនាញពាក់ពន្ធ័ចូលរួមផង កាលពីល្ថាចថ្ងៃព្រហស្បតិ៍៤រោចខែស្រពណ៌ឆ្នាំច ពស២៥៦២ត្រូវនឹងថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨ បានអោយដឹងថា រដ្ឋបាលខេត្តព្រះសីហុ គ្រោងវិធានការក្តៅ ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាននិងទីតាំងអាគារពាណិជ្ជកម្មនានាដែលមិនសហការជាមួយរដ្ឋបាលខេត្តក្នុងការសាងសង់អាងចំរោះទឹកកខ្វក់ត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសដើម្បីធានាថាសំណល់រាវដែលត្រូវបង្ហូរចូលក្នុងលូសាធារណៈឆ្ពោះទៅសមុទ្រមិនប៉ះពាល់ដល់បរិស្ថាន។
ការគ្រោងចាត់វិធានការក្តៅនេះធ្វើឡើងបន្ទាប់ពីសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការតម្រូវអោយទីតាំងអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារភោជនីយដ្ឋាននិងទីតាំងអាគារពាណិជ្ជកម្ម ទាំងឡាយត្រូវរៀបចំសាងសង់អាងចំរោះនៅតាមទីតាំងរបស់ខ្លួននៅទូទាំងក្រុង ដោយទុករយៈពេល៩០ថ្ងៃ បានដល់ឧសានវាទចាប់តាំងពីថ្ងៃទី២៥ខែសីហាឆ្នាំ២០១៨មកម្លេះ។
លោក ជាវ វិជ្ជាក់ បញ្ជាក់អោយដឹងទៀតថា ក្រុមការងារចំរុះដឹកនាំដោយរដ្ឋបាលខេត្តបានកំណត់យកតំបន់គោលដៅដែលត្រូវចាត់វិធានការមុនគេនេះគឺទីតាំងអាជីវកម្មនៅតាមបណ្តោយឆ្នេរសមុទ្រ។ប៉ុន្តែចំពោះទីតាំងអាជីវកម្មណាដែលក្រុមជាងម៉ៅការកំពុងសាងសង់មិនទាន់ហើយរដ្ឋបាលខេត្តទុកពេលវេលាជូនគាត់សមស្របដើម្បីបង្ហើយការងារដោយមានធ្វើកិច្ចសន្យាជាប់ជាមួយ។
លោក ជាវ វិជ្ជាក់ បានបញ្ចាក់បន្ថែមថាជាជំហររបស់រដ្ឋបាលខេត្តព្រះសីហនុ ទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាននិងទីតាំងអាគារពាណិជ្ជកម្ម រោងរោងចក្រ សហគ្រាស ទីតាំងសិប្បកម្ម ទាំងអស់ដាច់ខាតត្រូវតែមានអាងចំរោះទឹកកខ្វក់ស្របតាមបច្ចេកទេសត្រឹមត្រូវ បើមិនមានទេនឹងមិនអនុញ្ញាតអោយធ្វើអាជីវកម្មឡើយ។
លោក ទេព ស៊ីណូរ៉ា អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បញ្ជាក់ថាបើម្ចាស់ទីតាំងទាំងនោះមិនចូលរូមអនុត្តតាមខ្លឹមសារជូនដំណឹងទេ មន្ទីរនឹងធ្វើការផាកពិន័យអន្តរការតែបើពិនិត្យឃើញថាំការបំពុលមានភាពធ្ងន់ធ្ងរហើយម្ចាស់ទីតាំងមិនសហការទេ មន្ទីរបរិស្ថានក្នុងនាមជានគរបាលយុត្តិធម៌អាចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
យោងតាមរបាយការណ៏លទ្ធផលការងាររបស់ក្រុមការងារស្តារ ប្រឡាយ អូរ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ បានអោយដឹងថាក្នុងចំណោមសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋានធំៗមួយចំនួនតាមបណ្តោយឆ្នេរសមុទ្រ មានទីតាំងខ្លះបានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់រួចរាល់ហើយតែមិនទាន់ដាក់សម្ភារៈចំរោះ មានខ្លះបាននឹងកំពុងធ្វើអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ខ្លះកំពុងសិក្សាគម្រោង ខ្លះបានចុះកិច្ចសន្យាសាងសង់ប៉ុន្តែមានសណ្ឋាគារ ភោជនីយដ្ឋាននិងកាស៊ីណូ អេម៉ារីយ៉ូ ក្បែរឆ្នេរហាវ៉ៃ នៅមិនសហការជាមួយក្រុមការងារនៅឡើយ៕