បន្ទាយមានជ័យ ៖ គ្រឿងញៀនជាចំណុចដ៏រសើបនិងគួរឲ្យព្រួយបារម្មណ៍ ពិសេសគឺក្នុងស្រទាប់យុវវ័យ ។ វាក៏ជាបញ្ហាដែលបង្កឲ្យកើតមាននូវបទល្មើសផ្សេងៗ ។ ដោយអនុវត្តន៍តាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក សហការជាមួយកម្លាំងនគរបាល នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានចុះបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ប្រុស ស្រីជាបន្តបន្ទាប់ សរុបចំនួន៧នាក់ ដែលកិច្ចប្រតិបត្តិការនេះ គឺអនុវត្តចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៨ នៅក្នុងឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ដើម្បីភូមិ-ឃុំ មានសុវត្ថិភាព លុបបំបាត់ការប្រើប្រាស់ ការចរាចរណ៍គ្រឿងញៀននិងបទល្មើសផ្សេងៗ ។លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញនូវបទបញ្ជា ដល់គ្រប់អធិការដ្ឋាននគរបាល ស្រុក-ក្រុង ធ្វើការស៊ើបអង្កេត ស្រាវជ្រាវលើបញ្ហាបទល្មើសគ្រឿងញៀនតាមវិធានការជំនាញ ឲ្យដូចជាភ្លៀងរលឹម ។ជាក់ស្តែងជាលទ្ធផល នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយឆ្មារ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានធ្វើការចាប់ឃាត់មុខសញ្ញាប្រើប្រាសើគ្រឿងញៀនចំនួន៣នាក់ ១/-ឈ្មោះ សុខ សៃ ភេទប្រុស អាយុ៣៧ឆ្នាំ ,២/-ឈ្មោះ ហ៊ាំង សុភក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ,៣/-ឈ្មោះ សូត្រ តឿ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៣នាក់នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ក្រោយពីឃាត់ខ្លួនជនប្រើប្រាស់ទាំង៣នាក់ និងធ្វើការសាកសួរចម្លើយ។ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃដដែល កម្លាំង
នគរបាល ស្រុក បានសហកាជាមួយនគរបាលកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានធ្វើការពួនស្ទាក់នៅចំណុចអូរកំបុត ស្ថិតក្នុងភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ទៀតជាសង្សានិងគ្នា ឈ្មោះ១/-គៀត ប៊ុត ភេទប្រុស អាយុ៣៧ឆ្នាំ ,២/-ឈ្មោះរ៉ាក់ ណាវី ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយក្នុងនោះ គឺសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហមដែលមានអក្សរ WYចំនួន១០គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វាតាមីនអាយស៍ម្សៅក្រាមពណ៌ស ចំនួន៥កូនថង់តូច និងទូរស័ព្ទដៃ១គ្រឿង។
លោកអធិការបានបញ្ជាក់ទៀតថា៖បន្ទាប់ពីធ្វើការសាកសួរចម្លើយជនសង្ស័យទាំង២នាក់ ជាសង្សានិងគ្នារួច សមត្ថកិច្ចបានបន្តឆែកឆេរកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ឈ្មោះគៀត ប៊ុត រកឃើញថ្នាំញៀន ប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហមដែលមានអក្សរ WYចំនួន០៨គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វាតាមីនអាយស៍ម្សៅក្រាមពណ៌ស ចំនួន៣កូនថង់តូច ទូរស័ព្ទដៃចំនួន២គ្រឿងបន្ថែមទៀត និងឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀនម្នាក់ទៀតឈ្មោះ ឃឹម ចាន់ ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិសាមគ្គី ឃុំគោករមៀត។
លោកវរសេនីយ៍ទោសៅ សារឿន បានបន្តឲ្យដឹងទៀតថា៖នៅវេលាម៉ោង៨និង៤៣នាទីព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ច បានបន្តស្រាវជ្រាវនិងឈានដល់ការបង្រ្កាបមុខសញ្ញាជួញដូរឈ្មោះ ឃឿន ស្រីមិន ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ដោយក្នុងនោះ គឺសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀន ប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហមដែលមានអក្សរ WYចំនួន៦០០គ្រាប់ ក្នុងនោះពណ៌ខៀវ៧គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វាតាមីនអាយស៍ម្សៅក្រាមពណ៌ស ចំនួន៦កូនថង់តូច និងបន្តឆែកឆេររកឃើញថ្នាំញៀន ប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហមដែលមានអក្សរ WYចំនួន១១គ្រាប់ដែលជនសង្ស័យច្រកក្នុងបំពង់ប៊ឺត ថ្នាំញៀនប្រភេទមេតំហ្វាតាមីនអាយស៍ម្សៅក្រាមពណ៌ស ចំនួន១២កំណាត់ ដែលជនសង្ស័យច្រកក្នុងបំពង់ប៊ឺត លាក់ទុកនៅផ្ទះបាយ ទូរស័ព្ទដៃចំនួន១៩គ្រឿង ប្រាក់ថៃ ៣០០០បាត ប្រាក់ខែ្មរចំនួន២៥ម៉ឺនរៀល ។ សរុបថ្នាំញៀន ប្រភេទមេតំហ្វាតាមីនគ្រាប់ពណ៌ក្រហមដែលមានអក្សរ WYទាំងអស់ចំនួន៦២៩គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វាតាមីនអាយស៍ម្សៅក្រាមពណ៌ស ចំនួន២៦កញ្ចប់ ទូរស័ព្ទដៃចំនួន២២គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងចាត់ការបន្ត តាមនីតិវិធីច្បាប់៕




































