កំពង់ធំ៖ សកម្មភាពយេនឌ័រលើវិស័យមនុស្សធម៌ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិសឹករងកំពង់ធំត្រូវបានចូលរួមយ៉ាងសកម្មភាព ក្នុងការចុះសួរសុខទុក្ខយោធិន និងគ្រួសារយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងចុះជួយដល់គ្រួសារជួបការលំបាកទីទ័លក្រ ក្រោមការ ដឹកនាំរបស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងមេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ។
ជាក់ស្តែងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមទាំងជាមួយនឹង ក្រុមការងារយេនឌ័រ បានអញ្ជើញចុះ សំណេះសំណាលជាមួយ យោធិន និងគ្រួសារយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺ ដើម្បីផ្តល់នូវកំលាំង ចិត្ត និងផ្តាំផ្ញើរអំពីការថែរក្សាសុខភាព ពិសារថ្នាំឲ្យបានទៀងទាត់ ថែមទាំងបានឧបត្ថម្ភអ្នកជំងឺកំពុងសម្រាកព្យាបាលដោយជំងឺផ្សេងៗគ្នា ចំនួន ០៥ នាក់ ក្នុងនោះមាន មីយើងចំនួន ០៥ កេស , ទឹកផ្លែឈើ ចំនួន ០៥ កេស ,ទឹកដោះគោឆៅ ០២ យួរ និងថវិកា ៥០០,០០០ រៀល នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ។
នៅរសៀលថ្ងៃដដែល ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំក្រុមយ៉េនឌ័រ រួមជាមួយអាជ្ញាធរដែនដី ចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទ័លក្រ ចំនួន ០២ គ្រួសារ ដែលរស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំក្នុងនោះមាន ឈ្មោះ ញីវ អឹម អាយុ ៥៣ ឆ្នាំ ជាស្ត្រីមេម៉ាយ ស្វាមីបានមរណភាពចោលដោយសារធ្លាក់ពីលើរថយន្ត មានកូន ០២ នាក់ បោះបង់គាត់ចោល សព្វថ្ងៃគាត់មានជម្ងឺសរសៃប្រាសាទ រស់នៅដោយការជួយផ្តល់ម្ហូបអាហារពីអ្នកជិតខាង និងប្រធានភូមិ ។
ចំណែកបងស្រី ជឹម ភាព អាយុ៤៨ ឆ្នាំ ស្វាមីបានលែងលះគ្នា ២០០៥ មានកូន២នាក់ បច្ចុប្បន្នមិនដឹងជាទៅរស់នៅទីណា ថ្វីត្បិតជាស្ត្រីមេម៉ាយ តែដើម្បីតស៊ូក្នុងជីវិត ប្រកបមុខរបរជាអ្នកនេសាទត្រី ដាក់មងចងសន្ទូច និងធ្វើជាកម្មករលីសែង បោកគក់សម្លៀកបំពាក់ឲ្យគេ និងជាអ្នកស៊ីឈ្នួលលាងចានឲ្យគេតាមកម្មវិធីបុណ្យដើម្បីយកប្រាក់ចិញ្ចឹមជីវិត។ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារយ៉េនឌ័រ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំអំណោយសម្តេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត ជួយឧបត្ថម្ភជូនប្រជាពលរដ្ឋទីទ័លក្រ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០ គ.ក្រ ,មីយើង ០២ កេស ,ទឹកត្រីទឹកស៊ីអ៊ីវ ០២ យួរ និងថវិកា ១០០,០០០ រៀល ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ ធំ និងគាំទ្រជម្រុញឲ្យសកម្មភាពយេនឌ័រ មានការចូលរួមចំណែកផ្សារភ្ជាប់ជាមួយនឹង វិស័យមនុស្សធម៌ និងការចូលរួមចែករំលែកនូវបទពិសោធន៍ ស្មើរគ្នានឹងបុរស ក្នុងការងារសង្គម ដើម្បីលើកកម្ពស់យេនឌ័រ ឲ្យមាន រួមចំណែក ផ្សាភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ ក្នុងការយល់ដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេស ទុក្ខសោករបស់ពលរដ្ឋជាស្រ្តី ពីបញ្ហាសុខភាព និងផ្លូវចិត្តផ្លូវកាយ ដើម្បីជួយបានទាន់ពេលវេលា ។
ដោយ ប៊ុន រដ្ឋា




































