ព្រះស៊ីហនុ៖ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ សង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅបុគ្គលទាំងឡាយណាដែលរំលោភយកអូរ ប្រឡាយ លូ មិនស្តាប់តាមការណែនាំរបស់ខេត្ត ត្រូវកសាងសំណុំឯកសារបញ្ជូនទៅតុលាការក្នុងករណីរឹងទទឹងមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។
ការលើកឡើងនេះត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨
ក្នុងកច្ចប្រជុំជាមួយក្រុមការងារគ្រប់គ្រងប្រពន្ធ័ប្រឡាយ លូ និងទឹកកខ្វក់ និងអាងប្រព្រឹត្តិកម្មដើម្បីទប់ស្កាត់កុំអោយទឹកកខ្វក់ហូរចូលសមុទ្រ។
ដោយឡែកទីតាំងអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារណាដែលមិនធ្វើអាងចម្រោះទឹកកខ្វក់ទេនោះត្រូវជម្រុញអោយធ្វើអាងប្រព្រឹត្តិកម្មដាច់ខាត ។ប្រសិនបើនៅតែមិនធ្វើតាមការណែនាំនេះទេនឹងប្រឈមនឹងការផ្អាកអាជីវកម្ម។
ឯកឧត្តម យន្ត មីន បានព្រមានធ្ងន់ៗថា ពីពេលនេះទៅមិនអាចយោគយល់បានទៀតទេ ។បញ្ហាទឹកកខ្វក់នេះបើដោះស្រាយមិនបានទេទឹកសមុទ្រឆ្នេរសមុទ្រខេត្តព្រះសីហនុ នឹងកាន់តែប្រឈម។ដូច្នេះត្រូវតែចាត់វិធានការយ៉ាងតឹងរឹងដោយមិនអាចពន្យាពេលអោយទៀតឡើយ។
សូមបញ្ជាក់ថាគណៈកម្មការពិនិត្យគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ មានសមាសភាពសុទ្ធតែជាមន្ត្រីជំនាញគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ដើម្បីគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ ត្រពាំង និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុទាំងមូល ក្នុងគោលដៅដោះស្រាយបញ្ហាទឹកសំអុយហហូរចូលសមុទ្រ និងទប់ស្កាត់អំពើរំលោភ អូរ ប្រឡាយ លូ ពីសំណាក់បុគ្គលខ្លះ។
សូបញ្ជាក់ថា ស្ថានភាពប្រពន្ធ័ប្រឡាយ អូរ លូ ផ្លូវទឹកធម្មជាតិក្នុងក្រុងព្រះសីហនុនៅទីតាំងជាច្រើនបានរងការរំលោភហើយរំលោភទៀតពីសំណាក់បុគ្គលមួយចំនួនយ៉ាងគឃ្លើននាពេលកន្លងទៅនេះ។ក្នុងចំណោមបុគ្គលដែលបានរំលោភទាំងនោះមានទាំងអ្នកមាន អ្នកក្រនិងមន្ត្រីខ្លះក៏បានលបលួចរំលោភកាន់កាប់ផងដែរ។រហូតមកដល់ពេលនេះ បុគ្គលទាំងនោះមិនដែលមានអ្នកណាម្នាក់ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់នៅឡើយទេ។ផ្ទុយទៅវិញក្រោយពីរំលោភបានសម្រេចហើយពួកគេបានប្រើប្រាស់កាន់កាប់ទីតាំងនោះនិងមានអ្នកខ្លះថែមទាំងបានច្នៃធ្វើបណ្ណ័កម្មសិទ្ធរួចរាល់ជាស្ថាពរទៀតផង។




































