(ព្រះវិហារ): ថវិកាសរុបជាង ១៤លានរៀល ដែលជាបច្ច័យបានមកពីអង្គកឋិនទានសាមគ្គី ត្រូវបានលោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក និងលោកស្រី តាប់ ស្រីទូច រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែរនាំយកទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តឈើទាលគងសិក្ខារាម ស្ថិតនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ពិធីដង្ហែរអង្គកឋិនទាន បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ក្រោមការអញ្ជើញចូលរួមពី លោក លោកស្រី មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឈើទាលគងសិក្ខារាមយ៉ាងច្រើនកុះករ។
ក្នុងឱកាសមហានក្ខត្តឫក្សនោះ ក៏មានរៀបចំធ្វើពិធីប្រគេនយាគូ វេរភត្តាហារប្រគេនដល់ព្រះសង្ឃ ទៅតាមលំអានប្រពៃណីបែបព្រះពុទ្ធសាសនា និងពិធីដង្ហែរអង្គកឋិនទានសាមគ្គី ព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ។ បន្ទាប់ពីអង្គកឋិនទាន ត្រូវបានដង្ហែរចូលក្នុងព្រះវិហារ ក៏មានរៀបចំពិធីនមស្សការ ថ្វាយបង្គំព្រះរតនត្រ័យ និងវេរអង្គកឋិនទាន ប្រគេនដល់ព្រះចៅអធិការវត្ត ជាកិច្ចឆ្លងបង្ហើយនៃកម្មវិធីបុណ្យផងដែរ។
លោក ជុន បូរ៉ា និងលោកស្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងសប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន នៅក្នុងពិធីបុណ្យកឋិនសាមគ្គីឆ្នាំនេះ។ សូមឲ្យបុណ្យកុសលកើតចេញពីការធ្វើបុណ្យកឋិនទានសាមគ្គី នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន និងសូមឲ្យអំណាចនៃកុសលផលបុណ្យដែលកើតចេញពីអង្គកឋិនទានថ្ងៃនេះ ជួយតាមឃុំគ្រងបីបាច់ថែរក្សាប្រជាជន និងប្រទេសកម្ពុជា សូមបានជួបតែសុខសន្តិភាព និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។
សូមជម្រាបថា គោលបំណងសំខាន់នៃការរៀបចំអង្គកឋិនទានសាមគ្គី នៅក្នុងវត្តឈើទាលគងសិក្ខារាម គឺដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលនានា និងរួមចំណែកលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ម្យ៉ាងទៀត ពិធីនេះក៏ដើម្បីរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ៕ ដោយ សួនលីណា





































