រដ្ឋបាលខេត្តព្រះសីហនុ រៀបចំប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុក

0

(ខេត្តព្រះសីហនុ)៖ដូចកាគ្រោងទុក នាសៀលថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រណាំងទូកផ្កាចារ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅអាងទឹកឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ និងភ្ញៀវកិត្តិយ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
យោងតាមគណៈកម្មការរៀបចំការប្រណាំងទូកផ្កាចារ លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ខេត្តព្រះសីហនុ អោយដឹងថា ឆ្នាំនេះមានទូកផ្កាចារដែលបានចូលរួមប្រកួតមានចំនួន ២១ទូក មានទូកនារីមួយទូក និងទូកស្នោរ ៦គូរ បានចូលរួមប្រណាំង រយ:ពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨។ក្រៅពីការប្រណាំងទូកនៅពេលរាត្រីក៏មានពិធីអកអំបុក បណ្តែតប្រទីប ដុតគោម កាំជ្រួច និងមានតន្ត្រីសម័យកំសាន្តផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍សំណេះសំណាលជាមួយក្រុមកីឡាករទូក ដែលបានចូលរួមប្រណាំងនាពេលនេះ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព បច្ចេកទេស ដើម្បីយកជ័យជំនះពីដៃគូរ។ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ឆ្នាំនេះខេត្តបានរៀបចំពិធីនេះឡើងដើម្បីរំលឹកដល់គុណវីរៈកងទ័ពជើងទឹកដែលបានខិតខំការការពារទឹកដីនិងអធិបតេយ្យភាពជាតិ និងជាការអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែដែលជាប្រពៃណីជាតិរបស់ខ្មែរយើង។

តាមការគ្រោងទុកចំពោះទូកដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានការថវិកាឧបត្ថម១.០០០.០០០រៀល, លេខ២ ៦០០.០០០ រៀល , លេខ៣ ៥០០.០០០រៀល ដោយឡែកទូកមិនបានចំណាត់ ថ្នាក់ ក៏ទទួលបានឧបត្ថមថវិកាក្នុងមួយៗទូក ៤០០.០០០រៀលផងដែរ។

សូមបញ្ជាក់ថា ក្រុមទូកដែលជាបានមកប្រណាំងនៅក្នុងអាងទឹកធម្មជាតិនៅឃុំព្រៃនប់ ស្រុកព្រៃនប់នេះគឺជាទូកតូចៗរបស់ប្រជាជនមកពីតាមភូមិនានាដែលគាត់ប្រើប្រាស់ក្នុងគ្រូសាររបស់ពួកគាត់។ពួកគាត់បានចូលរួមប្រណាំងដើម្បីជាការកំសាន្តសប្បាយនិងសាទរចំពោះព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពហព្រះខែតាមប្រពៃណីទំនៀមទំលាប់របស់ជាតិយើង។ ដោយ  ខៀវ សាវុន