ខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១២:០០នាទី ថ្ងៃត្រង់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដាក់ចេញបទបញ្ជាដល់កងរាជអាវុធហត្ថខេត្ត និងលោកអភិបាលស្រុកព្រៃនប់ កងរាជអាវុធហត្ថស្រុកព្រៃនប់ អោយចុះបង្រ្កាបពួកអានាធិបតេយ្យប្រដាប់អាវុធមួយក្រុម ដែលបាន និងកំពុងរំលោភកាន់កាប់ដីធ្លី និងកាប់បំផ្លាញផលដំណាំ របស់ប្រជាពលរដ្ឋស្លូតត្រង់ នៅចំនុចតំបន់កោះក្របី ភូមិស្រែចាមលើ ឃំុអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានមេខ្លោងបញ្ជាពីក្រោយខ្នង។
ជាលទ្ធផល កងរាជអាវុធហត្ថបានឃាត់ខ្លួនពួកអានាធិបតេយ្យនេះបានចំនួន០៧នាក់ និងអាវុធចំនួន០២ដើម ព្រមទាំងសំភារះបទល្មើសមួយចំនួនទៀត។
បើតាមអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អោយដឹងថា៖នឹងបញ្ជូនក្រុមនេះទៅដាក់គុក ប្រសិនជារកឃើញថាល្មើសច្បាប់មែននោះ។
ជុំវិញបញ្ហាក្រុមអនាធិបតេយ្យអាងអ្នកមានអំណាចនៅពីក្រោយនេះដែរ លោក ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានអវុធហត្ថខេត្តព្រះសីហនុ អោយដឹងថា៖កំពុងបន្តនីតិវិធី និងតាមស្វែងរកបក្សពួកមេខ្លោងដែលនៅពីក្រោយខ្នង អោយមកទទួលខុសត្រូវចំពោះមុខច្បាប់។
តាមប្រភពពីប្រជាពលរដ្ឋដែលនៅតំបន់នោះថា ក្រុមប្រដាប់អាវុធទាំងនេះបានចូលមករំលោភយកដីធ្លី និងកាប់បំផ្លាញផលដំណាំរបស់ពួកគាត់ ព្រមទាំងគំរាមកំហែង ប្រសិនបើប្រជាពលរដ្ឋណាហ៊ានចេញមុខតវ៉ា។ មិនត្រឹមតែប៉ុណ្ណោះក្រុមប្រដាប់អាវុធទាំងនេះពេលខ្លះបាញ់បោះពេលយប់ ដែលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋទៀតផង។
ក្រុមពលរដ្ឋស្នើអោយអាជ្ញាធរជួយអន្តរាគមន៍ផង។យ៉ាងណាមិញក្រោយការបង្ក្រាបក្រុមនេះ,ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុក និងកងរាជអាវុធខេត្ត កងរាជអាវុធហត្ថស្រុក ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់។ ក្នុងនោះប្រជាពលរដ្ឋបានទទូចដល់ឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច អោយស្វែងរកមេខ្លោងដែលនៅពីក្រោយខ្នងជនប្រដាប់អាវុធមួយក្រនេះអោយមកទទួលខុសត្រូវចំពោះមុខច្បាប់៕




































