ព្រះវិហារ ៖ ទីតាំងម៉ាស៊ីនរ៉ៃ ជ្រៀកឈើមូល និងឈើតាប ដែលមិនមានច្បាប់អនុញ្ញាត កំពុងធ្វើសកម្មភាពកក្រើក ទឹកដីនៅភូមិភ្ជួរជ្រូក ស្រុកគូលែន អាជ្ញាធរខេត្ត ឆ្លើយដាក់។
អ្នកយកព័ត៌មានយើងបានចុះយកព័ត៌មានទីតាំងស្ថិតនៅក្រុមហ៊ុនភ្លូអូវីន ស្ថិតនៅក្នុងភូមិភ្ជួរជ្រូក ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បានប្រទះឃើញ ទីតាំងរោងម៉ាស៊ីនរ៉ៃអាលឈើជាច្រើនគ្រឿង កំពុងដំណើរការដោយរលូនដដែល គ្មានអ្នកណាបង្ក្រាប ឫទប់ស្កាត់ពីអាជ្ញាធរនោះឡើយ ។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ម្ចាស់ក្រុមហ៊ុននេះ មានឈ្មោះ ឡាំ អាយុប្រហែលជាង៥០ឆ្នាំ រស់នៅភូមិឃុំខាងលើជាម្ចាស់ក្រុមហ៊ុន ដុះស្លែយូរមកហើយ គ្មានអ្នកណាហ៊ានបង្ក្រាបនោះទេ ជាពិសេស លោក ពេជ្រ បូររិណ នាយសង្កាត់ស្រុកគូលែន បានឃុបឃិតជាមួយ និងអាជ្ញាធរ សមត្ថកិច្ចក្នុងខេត្តព្រះវិហារ ។ ករណីជនល្មើសឈ្មោះ (ឡាំ) ប្រព្រឹត្តបានស្រេចតែចិត្តដោយគ្មានខ្លាចញញើតនរណាឡើយ ត្រូវបានគេសង្ស័យថា លោក ពេជ្រ បូររិណ ប្រចាំស្រុកគូលែន និងអាជ្ញាធរ ខេត្តព្រះវិហារ ជាអ្នកបើកភ្លើងខៀវឲ្យមានបទល្មើសបំផ្លាញព្រៃឈើ ប្រឆាំងនឹងបទបញ្ជាសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី ។
មតិសារធារណជនមួយចំនួន បានលើកឡើងថា ឯកឧត្តម អ៊ុន ចិន្តា អភិបាលខេត្ត ព្រះវិហារប្រហែលជាត្រូវផ្លែរត្រូវដង ជាមួយក្រុមហ៊ុនភ្លូអូវីន បានជា ឯកឧត្តម មិនអើពើនិងមានវិធានការណ៍ចំពោះក្រុមហ៊ុនភ្លូអូវីន ខាងលើនេះ ? ពាក់ព័ន្ធព័ត៌មានខាងលើនេះ នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ អ្នកព័ត៌មានយើងសុំការបំភ្លឺពីឯកឧត្តម អ៊ុន ចិន្តា អភិបាលខេត្ត ព្រះវិហារផងដែរ តែឯកឧត្តម ជំរុញឲ្យទៅសួរប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ, ចំណែកលោកប្រធានមន្ទីរកសិកម្មខេត្ត ឲ្យសួរទៅមន្ត្រីរដ្ឋបាលព្រៃឈើ រីឯរដ្ឋបាលព្រៃឈើឲ្យសួរទៅខាងក្រុមហ៊ុន ការឆ្លើយជះទឹកដាក់គ្នានេះ! មិនខុសពាក្យចាស់ពោលថា (កន្ទេលធំបន្លំដេក… )។ ដូច្នេះសូម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយឲ្យ មន្ដ្រីរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនតទៅទៀតនោះទេ។
គួរបញ្ជាក់ថា សម្តេចក្រឡា ហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យសមត្ថកិច្ចប្រដាប់អាវុធជួយទប់ស្កាត់បទល្មើសព្រៃឈើ ដែលកន្លងមក ជំនាញរដ្ឋបាលព្រៃឈើ ច្រើនតែអសកម្មក្នុងការងារបង្រ្កាបបទល្មើសនេះ ។ ទោះបីមានបញ្ហាយ៉ាងណា ក៏សកម្មភាពបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ពុំថយចុះទេ រឺតតែកើនឡើងប្រឆាំងបទបញ្ជាសម្តេចក្រឡា ហោម៕ប៊ុនរិទ្ធី