បាត់ដំបង:= ដែនអភិរក្សមច្ឆាជាតិឡូត៍លេខ២និងដែនជម្រកសត្វស្លាបចម្រុះកំពុងរងការទន្ទ្រានពីឈ្មួញអ្នកមានដាក់ពង្រាយឧបករណ៍ បរណរ៉ាវនេសាទត្រីខុសច្បាប់យ៉ាងគគ្លើន ចំណែកឯជំនាញសម្ងំនៅស្ងៀម។
ប្រជានេសាទរស់ក្នុងភូមិថ្វាង ឃុំកោះជីវាំង បានបង្ហើបអោយដឹងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះថា បច្ចុប្បន្នរបរនេសាទជាលក្ខណះគ្រួសាររបស់ពួកគាត់កំពុងប្រឈមនិងការខាតបង់ខ្លាំងទៅៗដោយសារផលត្រីរកបានតិច តែត្រូវបង់សេវាសោហ៊ុយប្រេងសាំង និងថ្លៃបាយទឹកជូនដល់មន្ត្រីជំនាញរួមទាំងសមត្ថកិច្ចពាក់ពន្ធ័ច្រើន ពុំនោះទេត្រូវគេកាប់បរណរ៉ាវចោលទោះជាទ្រង់ទ្រាយតូចជាលក្ខណះគ្រួសារក៏ដោយ ដែលការជូនសោហ៊ុយនេះពេលខ្លះរងការបោះសម្តីគំរោះគំរើយនិង ត្រូវបត់ជើងហើយជូនលុយដៃ២ថែមទៀត ។
មិនថាពីកន្លងមកឬបច្ចុប្បន្ននោះទេប្រជានេសាទតូចតាចមិនដែលថ្លើមធំដាក់ពង្រាយឧបករណ៍បរណរ៉ាវល្មើសច្បាប់មានប្រវែងរាប់រយម៉ែត្រឡើយ ផ្ទុយទៅវិញបច្ចុប្បន្នមានតែក្រុមឈ្មួញធំៗប៉ុណ្ណោះដែលផ្គើននិងច្បាប់ត្រូវរ៉ូវគ្នាជាជំនាញនិងសមត្ថកិច្ចហើយដាក់ពង្រាយបរណរ៉ាវវែងរាប់គីឡូម៉ែត្រដែលសូម្បីតែតំបន់អភិរក្សមច្ឆាជាតិ (ឡូលេខ២ )និងដែនអភិរក្សជម្រកសត្វស្លាបក៌ហ៊ានបំពានដែរ ។ បើទោះបីមានករណីបង្ក្រាបម្តងម្កាលក៏ភាគច្រើនក្រុមមេឈ្មួញធំៗតែងគេចផុតរួចខ្លួនទាំងអស់ដែរ ដោយបង្ក្រាបតែប្រជានេសាទជាលក្ខណះគ្រួសារប៉ុណ្ណោះ សព្វថ្ងៃសេដ្ឋកិច្ចគ្រួសាររបស់ប្រជានេសាទពី១ឆ្នាំទៅ១ឆ្នាំកាន់តែយ៉ាប់ទៅៗស្ទើចិញ្ចឹមជីវិតមិនរស់ ។
ជុំវិញបញ្ហាខាងលើក្នុងបទសម្ភាសន៍រវាងអ្នកយកព័ត៌មានតាមទូរសព្ទ័លោក ជួង សុភា នាយខណ្ឌ័រដ្ឋបាលជលផលបាត់ដំបងបានបំភ្លឺថា លោកនឹងចាត់អោយមន្ត្រីរបស់លោកចុះទៅពិនិត្យហើយសហការជាមួយកម្លាំងគណះបញ្ជាខេត្តដើម្បីចុះបង្ក្រាបនៅពេលខាងមុខនេះ។
ទាក់ទងនឹងការដាក់បរណរ៉ាវនៅក្នុងដែនអភិរក្សសត្វស្លាបបង្កការភ្ញាក់ផ្អើលដល់ហ្វូងសត្វស្លាបគ្រប់ប្រភេទ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានដំបូងឡើយ បានអះអាងថាតំបន់អភិរក្សជម្រកសត្វស្លាបជាតំបន់ហាមឃាត់មិនមានអ្នកចូលផ្តេសផ្តាសទេ បើត្រូវការចូលទាល់តែទិញសំបុត្រ ដូចនេះមិនមានបទល្មើសឡើយ តែក្រោយមកអ្នកយកយកព័ត៌មានយើងបានសួរ ចំៗចំនុចពេក លោកប្រធានមន្ទីរបរិស្ថានបានធ្លោយពាក្យថាវាតែងតែមានតិចតួចខ្លះហើយគួរអនុគ្រោះបានអនុគ្រោះខ្លះទៅលោក៕