ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងផែនព្យុហយាត្រា របស់ខេត្តកំពង់ឆ្នាំង ទៅចូលរួមខួបលើកទី៤០ ទិវាជ័យជម្នះ ៧ មករា នៅបរិវេណវិទ្យាល័យ ព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ប៉ាល់ យឿន អភិបាលរងខេត្ត ឯកឧត្តមម៉ាត់ ម៉ូតសមាជិកក្រុមប្រឹក្សាខេត្ត លោកអ៊ុន សុផលនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្ត និងអភិបាលក្រុង ស្រុក។
លោកអ៊ុន សផល នាយករដ្ឋបាលសាលាខេត្តបានឱ្យដឹងថា៖ នៅថ្ងៃទី០៥ មករាស្អែកនេះ កម្លាំងផែនទាំង៤០របស់ខេត្តកំពង់ឆ្នាំងនឹងចូលរួមហាត់សមសាកល្បងដើរក្បួនជាលើកទី២ជាមួយនឹងបណ្ដាកម្លាំងរាជធានីខេត្តផ្សេងៗទៀតនៅរាជធានីភ្នំពេញ បន្ទាប់មកនឹងដើរក្បួនព្យុហយាត្រាជាផ្លូវការនៅថ្ងៃទី៧ មករា ២០១៩ ដើម្បីសំដែងនូវការអបអរសាទរដ៏ក្លៀវក្លាទិវាជ័យជំនះរបបប្រល័យពូជសាសន៍។
ជាមួយគ្នានោះដែរ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត ក៏បានផ្ដាំផ្ញើឱ្យបងប្អូនក្មួយៗយុវជន យុវនារីទាំងអស់ត្រូវខំយកចិត្តទុកដាក់ហ្វឹកហាត់ឱ្យបានល្អ ហូបចុកមានការប្រយត្នប្រយែង សំដៅធានាថែរក្សាសុខភាពឱ្យបានល្អ ឬក៏មានបញ្ហាអ្វីមួយត្រូវរាយការណ៍ជាបន្ទាន់ ធ្វើយ៉ាងណាឱ្យផែនខេត្តកំពង់ឆ្នាំងយើងទទួលបានលទ្ធផលល្អ។ ឯកឧត្តម ក៏បានជូនពរក្រុមកាការងារ ជាពិសេសបង ប្អូនក្មួយៗ សូមឱ្យមានសុខ សុវត្ថិភាពទាំងទៅ និងទាំងត្រឡប់មកនិងទទួលបានជោគជ័យដ៏ត្រចះត្រចង់ដើម្បីមុខមាត់ខេត្តកំពង់ឆ្នាំងយើង ៕







































