ក្រចេះ : ដីសម្បទានសង្គមកិច្ច ប្រមាណជាង២ពាន់ហិចតា ត្រៀមសម្រាប់ចែកជូនមុខសញ្ញាអ្នកទទួលដី ក្នុងស្រុកស្នួលក្នុងរយះពេលដែលប្រជាពលរដ្ឋក្នុងស្រុកមួយនេះ បានធ្វើការតវ៉ាទទូចទាមទារសុំដីកន្លងមក ។ មកទល់ពេលនេះពួកគាត់ក៏បានអបអរសាទរចំពោះអាជ្ញាធរខេត្តក្រចេះ ដែលបានខិតខំជួយដោះស្រាយលើករណីវិវាទនេះប្រកប
ដោយប្រសិទ្ធភាំព និងតម្លាភាពដោយបានចុះបង្ហាញទីតាំងដី សម្រាប់គោលដៅសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋ ក្នុងចំណុចដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនចំការកៅស៊ូមេមត់ ដែលស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩នេះ ដឹកនាំដោយ ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដីធ្លី និងការចូលរួមដោះ
ស្រាយពី ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយកលំនៅឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។ 
ការដោះស្រាយរបស់អាជ្ញាធរពេលនេះ ពួក គាត់បានយល់ព្រមអោយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ធ្វើតាមនីតិវិធីសម្បទានដីសង្គមកិច្ច ដោយក្នុង១គ្រួសារទទួលបានដីលំនៅឋាន និងដីកសិកម្មចំនួន ២ ហិកតា តាមរយៈការចាប់ឆ្នោត ។
ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះមានប្រសានស៍បញ្ជាក់ថា ៖ រាជរដ្ឋា ភិបាលបានខិតខំយកចិត្ត ទុកដាក់ទៅលើសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន តាមរយៈការផ្តល់នូវដីកម្មសិទ្ធិស្របច្បាប់ ជូនក្នុងការប្រើប្រាស់អាស្រ័យផល និងប្រកបរបបបង្ករបង្កើនផល កាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីពីការគ្មានដីកម្មិសិទ្ធិ ។
ឯកឧត្តមបន្តថា ៖ ដីសម្បទានសង្គមកិច្ច ដែលអាជ្ញាធរបានចុះមកបង្ហាញទីតាំងដី ដែរត្រៀមសម្រាប់ចែកជូនជូនមុខសញ្ញាអ្នកទទួលដី ក្នុងចំណុចដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនចំការកៅស៊ូមេមត់ ចំនួន២ទីតាំង ប្រមាណជា២.៤០០ហិចតា និងត្រូវចែកជូនបន្ទាប់ពីមន្ត្រីជំនាញ និងអាជ្ញាធរចុះសិក្សាវាយតម្លៃ ពីជីវភាពរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដើម្បីក្លាយទៅជាមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ចស្របច្បាប់ និងតាមនីតិវិធីសម្បទានដីសង្គមកិច្ច៕
ដោយ ម៉េង គាង







































