ក្រចេះ៖ យោងអនុសាសន៍ដឹកនាំរបស់ឯកឧត្តមឧប្បនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចំពោះផ្ទៃដីសម្រាប់រៀបចំបែងចែកសង្គមកិច្ចនេះ សំដៅយកទីតាំងចំនួន០៣ដែលប្រជាពលរដ្ឋកំពុងទន្ទ្រានកាន់កាប់លើផ្ទៃដីសរុបប្រមាណ ២២០០ហិកតា សម្រាប់ដោះស្រាយមុខសញ្ញាអ្នកទទួលដី(ក្នុងមួយគ្រួសារទំហំ២ហិកតា) ក្នុងចំណោមអ្នកដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចចំនួន១៥៤៨គ្រួសារ ។ 
ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តបានថ្លែងក្នុងអង្គរប្រជុំថា យើងត្រូវការដីសរុបរួមទំហំប្រហែល៤៦៧៧ហិកតា ដោយគិតរួមទាំងហេដ្ឋារចនាសម្ព័ន្ធនិងដីទ្រនាប់អូរព្រែកដែលត្រូវកាត់ចេញផ្អែកតាមទិន្នន័យនេះគណៈកម្មការត្រូវការពង្រីកផ្ទៃដីបន្ថែមពីការគ្រោងទុក២២០០ហិកតាទំហំប្រមាណ២៤០០ហិកតាទៀត ដែលត្រូវស្នើកាត់ចេញពីក្រុមហ៊ុនចំការកៅស៊ូមេមត់ ។
លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តក្រចេះបានលើកឡើងថា ចំពោះផ្ទៃដីដែលស្នើសុំបន្ថែមនេះគួរកាត់យកភ្ជាប់នឹងទីតាំងទី២ (ចំណុចD5-D6 ជាប់ព្រំប្រទល់វៀតណាម)ត្រឹមអូរធម្មជាតិ ហើយការដែលយកព្រំប្រទល់អូរធម្មជាតិនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងព្រំដីរវាងក្រុមហ៊ុន និងដីសម្បទានសង្គមកិច្ច។
លោក ផូ ផល្គុណ តំណាងក្រុមហ៊ុនចំការកៅស៊ូមេមត់ បានអោយដឹងថាចំពោះការស្នើសុំផ្ទៃដីខាងលើក្រុមហ៊ុនមិនមានការយល់ទាស់ទេ និងសុំអោយគណៈកម្មការបែងចែកដីសម្បទានសង្គមកិច្ចស្រុកស្នួលនិងអាជ្ញាធរខេត្តអនុវត្តស្របតាមនីតិវិធីជាធរមាន ។
ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុនដែលយល់ស្របចំពោះការកាត់ផ្ទៃដីចេញពីក្រុមហ៊ុនចំការកៅស៊ូមេមត់ សម្រាប់ចែកជូនមុខសញ្ញាទទួលដីសម្បទានសង្គមកិច្ច និងក្រុមការងារទាំងអស់ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលជាបន្តបន្ទាប់ តាមការចង្អុលបង្ហាញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាពេលកន្លងមកនេះ។ដោយ ប៊ុន មនោ









































