នៅសារមន្ទីរក្នុងបរិវេណវេទិកា ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋក្នុងនោះមាន បងប្អូនខែ្មរអ៊ីស្លាម និងព្រះស្ឃ បាននិមន្ត អញ្ជើញចូលរួម ទស្សនានូវការតាំងពិពណ៌ រូបភាពប្រជាជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ។ ពិព័រណ៍នេះផ្ដោតជាសំខាន់ លើប្រធានបទស្តីពី "ការជម្លៀសដោយ
បង្ខំក្នុងរបបខ្មែរក្រហម" ដោយសារតែករណីនេះ បានស៊ើបអង្កេតដោយអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហម ក្នុងសំណុំរឿង០០២/០១ ។ កាន់តែច្បាស់ជាងនេះទៅទៀត ដោយសារការជម្លៀសប្រជាជនដោយបង្ខំ ត្រូវបានធ្វើឡើងស្ទើរតែទូទាំងប្រទេស ដែលនាំឲ្យមានការបែកបាក់គ្រួសារ ការអត់ឃ្លាន ការសម្លាប់ និងប្រល័យពូជសាសន៍ ។ ហើយប្រជាជនដែលត្រូវជម្លៀស បានជួបប្រទះការខ្វះខាតយ៉ាងច្រើន បង្កឲ្យមានការហេវហត់ កើតជំងឺផ្សេងៗ ប្រជាជនចំនួនប្រមាណ២លាននាក់ ត្រូវបានជម្លៀសដោយបង្ខំ ឲ្យចាកចេញពីទីក្រុង ។ ប្រជាជន ប្រហែល៣០០០នាក់ បានស្លាប់ក្នុងពេលជម្លៀស ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម ចូលមកក្រុងភ្នំពេញ ហើយបានបណ្ដេញប្រជាជន ដោយប្រើពាក្យថា "ជម្លៀស" ដែលបន្ទាប់មកប្រើពាក្យ "ជម្លៀសដោយបង្ខំ" ចេញពីទីក្រុង ។ នៅពេលនោះហើយ ទីក្រុងភ្នំពេញបានប្រែក្លាយជាទីក្រុងដ៏ស្ងាត់ជ្រងំ គ្មានមនុស្សរស់នៅ ។ បុរសស្ត្រីគ្រប់ស្រទាប់វណ្ណៈ មនុស្សចាស់ កុមារា កុមារី ព្រះសង្ឃ និងដូនជី ព្រមទាំងសាសនិកជនដទៃទៀត អ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យ ស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលទើបនឹងសម្រាលកូនរួច ត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ។ ប្រជាជនជាច្រើន ត្រូវបង្ខំឲ្យចាកចេញដោយថ្មើរជើង ឆ្ពោះទៅកាន់ផ្លូវជាតិនានា គ្រប់ទិសទី ។ ម្នាក់ៗបានធ្វើដំណើរទៅមុខ ដោយមិនបានដឹងពីគោលដៅច្បាស់លាស់ ហើយភាគច្រើន ត្រូវបានអង្ការអាវខ្មៅ របស់ប៉ុលពត បង្ខំឲ្យបង្ខំធ្វើការជទម្ងន់ ហូបមិនគ្រប់គ្រាន់ ហើសសម្លាប់ចោលតាមការចោទប្រកាន់ ដោយបំផ្លើសពីអង្គការអាវខ្មៅ របស់ប៉ុលពត។
ពិព័រណ៍នេះ មានបំណងចង់ឲ្យក្មេងជំនាន់ក្រោយ , ពិសេសសាស្ត្រាចារ្យ គ្រូ និស្សិត សិស្ស អ្នកស្រាវជ្រាវ អ្នកប្រវត្តិសាស្ត្រនិងសង្គមព្រមទាំងប្រជាជនកម្ពុជា នឹង ទទួលបានពីការឆ្លុះបញ្ចាំងពីបទពិសោធន៍ របស់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ,គេនឹងចងចាំពីរបបខ្មែរក្រហម , ដំណើរការផ្សះផ្សាររបស់ប្រជាជនកម្ពុជា , ការអប់រំពីរបបខ្មែរក្រហមងាយស្រួល ការសិក្សាស្រាវជ្រាវស្វែងយល់ ពីជីវិតពិតរស់នៅក្រោមរបបខ្មែរក្រហម តាមរយៈការចូលទស្សនា ការតាំងពិព័រណ៍នេះ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ៕








































