សៀមរាប= មន្រ្តីនគរបាលចរាចរណ៍ខេត្តសៀមរាប អំពាវនាវឲ្យអ្នករត់រ៉ឺម៉កកង់បីទាំងអស់ ពាក់អាវកាក់សំគាល់ជៀសវាងមានការផាកពិន័យនៅថ្ងៃខាងមុខ។
លោកវរៈសេនីយ៍ទោ ជា វុទ្ធី នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអំពាវនាវឲ្យអ្នករត់រ៉ឺម៉កកង់បីទាំងអស់ ទៅធ្វើអាវកាក់សំគាល់ឲ្យបានគ្រប់ៗគ្នា ព្រោះឥឡូវអាវកាក់មានលក់នៅ សាលាក្រុងសៀមរាបរាងរាល់ម៉ោងធ្វើការ ដោយអាវកាក់មួយតម្លៃ ៦ដុល្លារតែប៉ុណ្ណោះ ជៀសវាងមានការផាកពិន័យនៅថ្ងៃខាងមុខ ការលើកឡើងរបស់លោកបែបនេះ នៅក្នុងកម្មវិធីសន្ទនាមតិនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោក ជា វុទ្ធី បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ អ្នករត់រ៉ឺម៉កកង់បី ដែលគ្មានអាវកាក់សំគាល់ សមត្ថកិច្ចមិនទាន់មានការផាកពិន័យនៅឡើយទេ ប៉ុន្តែគា្រន់តែអប់រំដល់ម្ចាស់រ៉ឺម៉កកង់បីធ្វើការស្វែងយល់ពីសារៈសំខាន់នៃអាវកាក់ តែប៉ុណ្ណោះ។ លោកបានបន្ថែមថា នៅថ្ងៃខាងមុខបើសិនជាម្ចាស់រ៉ឺម៉កណានៅ តែមិនធ្វើអាវកាក់ នឹងរងនូវការផាកពិន័យជាក់ជាមិនខាន។
លោក នាយរងការិយាល័យចរាចរណ៍ បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បើមានមន្រ្តីនគរបាលណាមួយ ផាកពិន័យលើអ្នករត់រ៉ឺម៉កកង់បីដែលមិនបានពាក់អាវកាក់ សំគាល់នោះ ពលរដ្ឋអាចរាយការណ៍មកការិយាល័យចរាចរណ៍ផ្លូវគោក តាមរយៈលេខ ទូរស័ព្ទ ០១៧ ៦៩ ១១ ២៣ ហើយរាល់ការរាយការណ៍ត្រូវបានរក្សាការសំងាត់ និងធានាជូនពីសុវត្ថិភាពផងដែរ៕