កំពង់ធំ៖ កិច្ចប្រជុំស្តីពី កិច្ចសហការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីប្រទេសកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ក្នុងសម័យសង្រ្គាម ដើម្បីវាយរំដោះប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលលពត ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក្នុងការស្វែងរកជីកគាស់អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ ជាមួយនឹង ប្រតិភូភាគីវៀតណាម ខេត្ត ប៊ិញភឿក ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន ថាញ់ប៊ិញ អនុប្រធាននយោបាយ យោធា ខេត្តប៊ិញភឿក នៃកងទ័ពប្រជាជនវៀតណាម ដែលមានសមាសភាពទាំ២ភាគី សរុប ២៦ នាក់ នៅរសៀលថ្ងៃអាទិត្យទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩។
ឧត្តមសេនីយ៍ទោ សោម ស៊ុន គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ ជីករុករកអដ្ឋិធាតុ កងទ័ពប្រជាជនវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម ក្នុងខេត្តកំពង់ធំ ដែលទទួលបានលទ្ធផលល្អ ជោគជ័យ គឺ ដោយមានការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់ ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ ធំ ជម្រុញឲ្យ អាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ ជួយសហការ ជាមួយក្រុមបច្ចេកទេស (កា៧០ និង កា៧២)
ដើម្បីជួយចង្អុលបង្ហាញទីតាំង កបសាកសព កងទ័ពស្ម័គ្តចិត្តវៀតណាម ធ្វើឲ្យលទ្ធផលទទួលបាន គឺចាប់ពីដំណាក់កាលទី១ ឆ្នាំ២០០៣ រហូតមកដល់ជំហានទី១ ដំណាក់កាលទី១៨ដើមឆ្នាំ២០១៩កន្លងមកនេះ ខេត្តកំពង់ធំ បានសហការជាមួយក្រុមបច្ចេកទេស ការ៧០ និងការ៧២ កងទ័ពប្រជាវៀតណាម បានសហការជាមួយកងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី នៅក្នុងខេត្តកំពង់ធំ ស្វែងរក និងជីកគាស់អដ្ឋិធាតធ្វើមាតភូមិនិវត្តន៍ទៅប្រទេសវៀតណាមវិញ បានចំនួន ១,១០០ អដ្ឋិធាតុ រួចមកហើយ ។
ប្រតិភូកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ ដែលបានបង្ករលក្ខណងាយស្រួលដល់កងកម្លាំងការ៧០ និងការ៧២ បំពេញភារកិច្ចមនុស្សធម៌ ជីករុករកលើអដ្ឋិធាតុបងប្អូនកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតយកទៅមាតុភូមិវិញជួបជុំក្រុមគ្រួសារសាច់ញាត្តិ និងប្រារព្វពិធីបុណ្យតាមប្រពៃណី ។
ដោយ ប៊ុន រដ្ឋា







































