មន្ត្រីប៉ូលីសពាក់ស័ក្កបួននិងបក្សពួកមិនអនុវត្តតាមប្រសាសន៍របស់សម្ដេចតេជោ បែរជាប្រើអំពើហឹង្សាលើគ្រួសារប្រជាពលរដ្ឋស្លូតត្រង់ទៅវិញ

0

កំពត៖ មន្ត្រីប៉ូលីលនិងបក្សពួកជាច្រើននាក់ទៀតអាងអំណាច បានប្រើអំពើហិង្សា ទាំងកំរោល បំពានច្បាប់ មើលស្រាល មិនគោរពតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពត មិនកោតញញើតនឹងថ្នាក់ដឹកនាំ មិនគោរពបទបញ្ជាផ្ទៃក្នុងរបស់កម្លាំងនគរបាលជាតិ ហ៊ានយកអំណាចវាយដុំ ទាត់ធាក់ លើក្រុមគ្រួសាពលរដ្ឋស្លូតត្រង់ម្នាក់ យ៉ាងចាស់ដៃ ដើម្បីហាមមិនឲ្យ គ្រួសារពលរដ្ឋម្នាក់នោះ ចាក់ដីធ្វើផ្លូវចូលគេហដ្ឋាន ដោយមន្ត្រីប៉ូលីលរូបនោះ បានអះអាងថា ជាដីរបស់ខ្លួន គ្មាននរណាអាចហាមឃាត់បានឡើយ។

ហេតុការណ៍ដ៏គួរឲ្យ តក់ស្លត់ និងភ័យក្លាចនេះ បានប្រាប់ឲ្យដឹងថា ការផ្ទុះអំពើហិង្សានេះបានកើតឡើងវេលាម៉ោង១០ និង៣០ ព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ ២០១៨ ត្រង់ ចំណុចភូមិ វត្តអង្គ ឃុំ ព្រៃ ឃ្មុំ ស្រុក ទឹកឈូ ខេត្ត កំពត នៅពេលដែលក្រុមគ្រួសាររបស់លោកស្រី ទូច មុំ កំពុងចាក់ដីធ្វើផ្លូវចូលផ្ទះ ជំនួសស្ពានចាស់ ពុកផុយឌ្រុតទ្រោម ប៉ុន្តែភាគីខាងខ្នាងទៀត ដែលត្រូវបានគេស្គាល់ថាជា មន្ត្រីប៉ូលីសពាក់ស័ក្តិបួន នៃស្នងការនគរបាលខេត្តកំពត រារាំងមិនព្រមឲ្យចាក់ដី ដោយអះអាងថាចាក់លើដីរបស់ខ្លួន។

ចំណែក លោកស្រី ទូច មុំ ក្រុមគ្រួសាររង់គ្រោះ បានរៀបរាប់ប្រាប់ ទាំងទឹកភ្នែកថា ព្រោះតែគ្រួសាររបស់លោកស្រីជាមនុស្សស្លូតត្រង់ គ្មានអំណាច សុខចិត្តទ្រាំលំបាក និងទទួលរងការជេប្រមាថ ហើយអោយតែគ្រួសារបស់លោកស្រី រៀបចំចាក់ដីម្តងៗ លោក កែវ វ៉ារី (ហៅ រិ ) ជាមន្ត្រី ពាក់សក្ក័បួននៃស្នងការរដ្ឋាននគរបាលជាតិ បានប្រើអំណាច មកសំឡុក គំរាម រារាំង មិនអោយចាក់ដីធ្វើផ្លូវចូលផ្ទះទេ ។

ទន្ទឹមគ្នានោះដែរគ្រួសាររបស់លោកស្រីបានចាក់ដីបីដងរួចហើយមុនពេលផ្ទុះអំពើហិង្សា បើទោះជាលោកស្រីមានលិខិតអនុញ្ញាតិត្រឹមត្រូវតាមផ្លូវច្បាប់ ពីថ្នាក់មូលដ្ឋានភូមិឃុំ រហូតដល់រដ្ឋបាលសាលាខេត្តក៏ពិតមែន ប៉ុន្តែគិតមកដល់ពេលនេះជិតមួយឆ្នាំ នៅតែមិនអាចចាក់ដីធ្វើផ្លូវចូលផ្ទះរបស់ខ្លួនមិនបាន។លោកស្រីថានេះប្រហែលដោយសារអំណាចរបស់លោក កែវ វ៉ារី ខ្លាំងជាងរដ្ឋបាលខេត្តកំពត ឬយ៉ាងណា?។

លោកស្រីបានបញ្ជាក់ថា ចាក់ដីម្តងគេអូសប្តីលោកស្រីទៅវាយ ចាក់ម្តងទៀតលោកស័ក្តិបួនយករថយន្តមកពាំង នឹងបានកែនបងប្អូនក្រុមគ្រួសារមករារាំងពេញទាំងអស់ ចាក់លើកទី៣ក្រុមបក្សពួកលោក ស័ក្តិបួនរកវាយទាំងតៃកុងឡានដឹកដីមកដាក់ថែម លុះមកដល់វេលាម៉ោង១០ និង៣០ ព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ ២០១៨ លោក កែវ វ៉ារី និងបក្សពូកបានវាយគ្នាធ្វើបាបលើ ក្រុមគ្រួសាររបស់លោកស្រីទូច មុំតែម្តង។

លោកស្រីស្នើសុំដល់ មន្ត្រីជំនាញ និងពាក់ព័ន្ធ ពិសេសលោក អភិបាលខេត្ត សូមជួយអន្តរាគមន៍ដោះស្រាយឲ្យបានឆាប់រហ័ស ដើម្បីស្វែងរកយុត្តិធម៌ជូនដល់គ្រួសាររបស់លោកស្រីផង ព្រោះសង្គមខ្មែរមានច្បាប់ត្រឹមត្រូវ សូមកុំឲ្យអ្នកមានអំណាចមកជិះជាន់ ប្រើអំពើហិង្សា រំលោភលើសិទ្ធិរបស់ពលរដ្ឋស្លូតត្រង់ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិយើង៕