ឯកឧត្តម កិតិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តក្រចេះ

0

ក្រចេះ ៖ ឯកឧត្តម កិតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងដាក់ផែនការអនុវត្តសម្រាប់ឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍អោយដឹងថារយៈពេល១ថ្ងៃមកនេះ
សន្និបាតបានចូលរួមធ្វើការពិភាក្សានូវបញ្ហាប្រឈមនានា ដែលរដ្ឋបាលអាជ្ញាធរមន្ទីរជំនាញបានអនុវត្តនាឆ្នាំ២០១៨កន្លងមក និងបានដាក់ចេញនូវផែនការសម្រាប់អនុវត្តដើមី្បឆ្លើយតបទៅនឹងតម្រូវការ អង្គភាពច្រកចេញចូលតែមួយ ក៏បានស្នើសុំឲ្យក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យនិងកែសម្រួលមុខងារមួយចំនួនដែលបានផ្ទេរមកឲ្យរដ្ឋបាលក្រុង ដូចជានីតិវិធីសំណុំបែបបទភ្ជាប់និងទំហំសេវា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្នើឲ្យរដ្ឋបាលខេត្ត លើការផ្ទេរសេវាតាមមន្ទីរទៅការិយាល័យច្រកចេញចូលតែមួយ កសាងលិខិតបទដ្ឋានដែលបានកំណត់ ស្នើឲ្យមានការចាត់តាំងនិងផ្ដល់សេវាដែលមានការពាក់ព័ន្ធ និងវិស័យច្រើនឲ្យទៅជាការផ្ដល់ជាកញ្ចប់ គួររៀបចំឲ្យដំណើរការផ្ដល់សេវារួម តាមរយៈប្រព័ន្ធ online ។
មានប្រសាន៍ក្នុងពិធីបិទសន្និបាត ឯកឧត្តមកិតិបណ្ឌិត ពេជ្រ ប៊ុនធិន ក៏បានកោតសរសើរចំពោះរដ្ឋបាលខេត្តក្រចេះដែលមានការប្ដេជ្ញាចិត្ត ចូលរួមពីគ្រប់មន្ទីរអង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រុងស្រុកឃុំសង្កាត់ រួមនិងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំពុះពារសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ រួមចំណែកក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាការពារបានមរណៈភាពទឹកដី អធិបតេយ្យភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នឹងខិតខំជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមធ្វើអោយប្រទេសយើងសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ នៅឆ្នាំ២០១៨កន្លងមកហើយតាមរយៈកំណើនសេដ្ឋកិច្ចនេះ បានបង្កលក្ខណៈសម្បត្តិដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមបានរំលឹកថា គណៈបញ្ជាការឯកភាពទាំងអស់ ត្រូវទទួលខុសត្រូវក្នុងការលុបបំបាត់នៅប៉ុស្តិ៍ត្រួតពិនិត្យ មិនស្របច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយអាជ្ញាធរនិងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ដែលពាក់ព័ន្ធនឹងធនធានធម្មជាតិ ត្រូវដកខ្លួនចេញឲ្យឆ្ងាយពីបទល្មើសធនធានធម្មជាតិត្រូវរួមគ្នាបង្កើតការផ្សព្វផ្សាយអប់រំបំផុសឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងការ ការពារធនធានធម្មជាតិនិងទ្រព្យសម្បត្តិសាធារណៈ ។ ម៉េង គាង