កំពង់ធំ៖ បន្ទាប់ពីការងារស្នូល របស់អង្គភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឆ្លៀតឳកាស ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន និងបាន ស្ថាបនាជួសជុល កែលំអរ ស្រះទឹក ដើម្បីផ្ទុកទឹក សម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិកំញ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលបាននូវទឹកស្អាតប្រើប្រាស់ ។
សកម្មភាពចុះជួបប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលកំពុងតែខ្វះខាតទឹកស្អាត ប្រើប្រាស់ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០១៩ នៅភូមិកំញ៉ាត តាមការសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យ ឧត្តមសេនីយ៍ទោ ដែលជាបុរសបេះដូងមនុស្សធម៌ ជួយជួសជុល កែលំអរ ទឹកស្រះមួយកន្លែងនៅក្នុងភូមិ ដែល កន្លងមក ប្រជាពលរដ្ឋ ទទួលបានទឹកប្រើប្រាស់ពីស្រះនេះ តែបច្ចុប្បន្ន ដោយកង្វះខាតនូវ ការថែរទាំ ធ្វើឲ្យ គោ ក្របី និងសត្វទាំងឡាយចូលបណ្តាលឲ្យទឹកស្រះនេះ កង្វក់មិនអាចយកមកប្រើប្រាស់បាន ។
ក្រោយពីទទួលបាននូវ សំណូមពររបស់ប្រជាពលរដ្ឋ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានទិញបង្គោលក្រាក់បោះរបង ដែលមានបណ្ដោយប្រវែង៤៥ម៉ែត្រ ទទឹងប្រវែង៣៥ និងមានជម្រៅ៣ម៉ែត្រ ដើម្បីការពារសត្វពាហន:ចូលក្នុងស្រះ ដែលអាចបង្ករផលប៉ះពាល់ដល់សុខភាព ដោយសារតែទឹកកខ្វក់ និងរក្សាទឹកស្អាតសម្រាប់ឲ្យប្រជាពលរដ្ឋ នៅក្នុងភូមិប្រើប្រាស់
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ស្រះទឹកនេះ គឺឧបត្ថម្ភពី ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ និងដើម្បីបម្រើតាមសំណូមពរជាថ្មីទៀត ឯកឧត្តម សោម ស៊ុន បានឧបត្ថម្ភស៊ីម៉ង់ត៍ ចំនួន ០១ តោន និងថវិកាចំនួន៦០០,០០០ រៀល ក្នុងនោះមានបច្ច័យព្រះ ចែម មុន្នីចិន្តា ព្រះគ្រូចៅអធិការវត្តពោធិវង្សហត្ថី ចំនួន២០០,០០០ រៀលផងដែរ ដើម្បីចូលរួមធ្វើរបាំងទប់ស្កាត់ទឹកកខ្វក់កុំឲ្យហូរចូលស្រះ ។
នៅថ្ងៃដដែល ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្ត យករទេះរុញ ចែកជូន ជនពិការ គឺលោកយាយ ឈួន ឡោ អាយុ៨៥ ឆ្នាំ ពិការជើងដើរពុំរួច ដេកនៅនឹងកន្ទេល ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត និងឧបត្ថម្ភ អង្ករចំនួន៥០ គីឡូក្រាម មីយើងចំនួន២កេស ទឹកផ្លែឈើមួយកេស និងថវិកាចំនួន១០០,០០០ រៀលផងដែរ ។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង បានកោតសរសើរ ពីសកម្មភាពមនុស្សធម៌ដ៍មមាញឹកឧត្តមសេនីយ៍ ទោ សោម ស៊ុន បានបម្រើ និងដោះស្រាយសេចក្តីត្រូវការរបស់ពួកគាត់ ក្នុងការជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ ។ ដោយ ប៊ុន រដ្ឋា







































