ឯកឧត្តម យន្ត មីន ស្នើក្រុមហ៊ុនអានកូផ្គត់ផ្គង់ទឹកអោយមករដ្ឋាករទឹកឲ្យបានគ្រប់ចំនួនដើម្បីបែងចែកជូនទៅប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។

0

ព្រះសីហនុ ការស្នើបែបនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអទិត្យទី 10 ខែមីនាឆ្នាំ ២០១៩ គ្រាដែល ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានអញ្ជើញចុះទៅពិនិត្យស្ថានភាពអាងទឹកស្អាតនៅតំបន់ក្បាលឆាយរបស់ក្រុមហ៊ុនអានកូព្រមទាំងពិនិត្យមើលទីតាំងស្តុកទឹកនៅកន្លែងមួយចំនួនរួមទាំងមើលបណ្ដាញទុយោទឹកនៅតាមទីតាំងនានាក្នុងក្រុងព្រះសីហនុដើម្បីរកមូលហេតុជាក់លាក់ដែលបណ្តាលអោយមានការរអាក់រអួលខ្វះខាតទឹកប្រើប្រាស់នៅតំបន់មួយចំនួនក្នុងក្រុងព្រះសីហនុនាពេលបច្ចប្បន្ន។

ទន្ទឹមនឹងការជម្រុញក្រុមហ៊ុនអានកូ អភិបាលខេត្តព្រះសីហនុ លោកបានស្វះស្វែង សុំកិច្ចអន្តរាគមន៍ពីក្រសួងឧស្សាកម្មនិងសិប្បកម្ម ដើម្បី ជួយដោះបញ្ហានេះដែរ។

សូមជម្រាបជូនថា៖សព្វថ្ងៃនេះស្ថានភាព ទឹកស្អាតនៅក្នុងក្រុងព្រះសីហនុ ទីកន្លែងខ្លះមានទឹកប្រើប្រាស់គ្រប់គ្រាន់តែ កន្លែងមួយចំនួនខ្វះទឹកប្រើប្រាស់។
ហើយទីតាំងដែលខ្វះទឹកនេះប្រជាពលរដ្ឋខ្លះបានងាកមកជីកអណ្ដូងស្នប់ដើម្បីប្រើប្រាស់ជាជំនួយជាមួយនឹងទឹកស្អាតដែលផ្ដល់ដោយរដ្ឋករទឹកដែលមានសភាពចេញខ្សោយ។

មតិពីប្រជាពលរដ្ឋខ្លះថានៅខេត្តព្រះសីហុការប្រើបណ្តាញទឹកស្អាតមានពីរគឺមានបណ្តាញរបស់រដ្ឋនិងបណ្តាញរបស់ក្រុមហ៊ុនអានកូ។
បណ្តាញទាំងពីរនេះពលរដ្ឋថាអ្នកភ្ជាប់បណ្តាញរបស់ក្រុមហ៊ុនអានកូមានទឹកប្រើគ្រប់គ្រាន់ដោយឡែកអ្នកភ្ជាប់បណ្តាញទឹករបស់រដ្ឋវិញកន្លែងខ្លះមិនសូវមានទឹកប្រើគ្រប់គ្រាន់ទេ។

លោក ផន រតនៈ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ ថាសព្វថ្ងៃអង្គភាព រដ្ឋករទឹក ទទួលទិញដុំពីក្រុមហ៊ុនអានកូ ដើម្បីចែកចាយបន្តជូនពលរដ្ឋប្រើ។
លោកបានឲ្យដឹងថា ក្រុងព្រះសីហនុ តម្រូវការប្រើប្រាស់ទឹកក្នុងមួយថ្ងៃប្រមាណ៤ម៉ឺនម៉ែត្រគូប។
ចំណែកក្រុមហ៊ុនអានកូ ផ្តល់ទឹកបានចន្លោះពី 28000 ទៅ 30.000ម៉ែត្រគូបប៉ុណ្ណោះ។
ការផ្តល់មិនគ្រប់នេះហើយគឺជាមូលហេតុនាំអោយកើតឡើងបញ្ហាខ្វះទឹកប្រើនៅតំបន់ខ្លះសព្វថ្ងៃនេះ។
លោក ផន រតនៈ បានស្នើក្រុមហ៊ុនអានកូ លៃយ៉ាងណាពន្លឿនការបញ្ជូនទឹកអោយបានគ្រប់ចំនួនតាមតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ពលរដ្ឋ។

បើតាមលោក ស៊ុន ងី តំណាងក្រុមហ៊ុនអានកូ អោយដឹងថាសព្វនេះក្រុមហ៊ុនបានផ្គត់ភ្គង់ទឹកជូនរដ្ឋាករទឹកក្រុងព្រះសីហនុ ប្រមាណ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
ទោះជាបែបនេះក្តី លោក ងី អោយដឹងថា ទឹកនៅក្បាលឆាយនេះមិនខ្វះទេ។ តែមូលហេតុនៃការ បញ្ជូនទឹកអោយមិនគ្រប់ចំនួននេះអាចដោយសារការតភ្ជាប់ទុយោមេទៅស្ថានីយ៍ស្តុកចែកចាយមិនទាន់ហើយសព្វគ្រប់។
លោក ងី បញ្ជាក់ថាបញ្ហានេះ សព្វថ្ងៃក្រុមអ្នកតបណ្តាញទុយោមេកំពុងសម្រុកការងារដើម្បីដោះស្រាយបញ្ហាកំពុងកើតមាននេះដែរ។តែលោក ងី មិនបានបញ្ជាក់ពេលវេលាច្បាស់ថាការរៀបចំបណ្តាញទុយោខាងលើនេះនឹងរួចរាល់ជាស្ថាពរនៅពេលណានោះទេ៕
(សាវ៉ុន)