ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី 14 ខែមីនាឆ្នាំ 2019 អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន បានដឹកនាំមន្ត្រីជំនាញមន្ទីរសាធារណៈការ អាជ្ញាធរក្រុង សង្កាត់លេខ៤ បានចុះពិនិត្យស្ថានភាពផ្លូវអិលវី(ផ្លូវលេខ 104)ដើម្បីត្រៀមធ្វើការបើកការដ្ឋានធ្វើផ្លូវនេះឡើងវិញបន្ទាប់ពីរងការខូចខាតបង្ករការលំបាកដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ចាប់តាំងពីរដូវរស្សាកន្លងទៅ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាផ្លូវនេះគ្រោងបើកការដ្ឋានចួសជុលឡើងវិញនៅខែមេសាឆ្នាំ២០១៩ក្រោយចូលឆ្នាំថ្មីខាងមុខដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងទទួលជួសជុលដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន។
លោកអភិបាលបញ្ជាក់ថា៖ការធ្វើផ្លូវលេខ 104 ឬហៅថាផ្លូវអិលវីនេះគឺជាផ្លូវមួយខ្សែក្នុងចំណោមផ្លូវចំនួន 22 ខ្សែ ដែលរាជរដ្ឋាភិបាលបានសម្រេចថានឹងផ្តល់ថវិកាពិសេសជូនខេត្តព្រះសីហនុក្នុងការធ្វើការជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តទេសចរណ៍មួយនេះអោយមានភាពប្រសើរឡើងវិញ។
ទន្ទឹមនោះផ្លូវនៅក្នុងក្រុងព្រះសីហនុ ជាច្រើនខ្សែទៀតនឹងត្រូវបានជួសជុលឡើងវិញជាបន្តបន្ទាប់ផងដែរ។
ជាមួយនេះលោកអភិបាលក៏បានស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលគ្រោងនឹងជួសជុលនេះ សូមចូលរួមសហការជាមួយអាជ្ញាធរដែនដី និងក្រុមអ្នកបច្ចេកទេសធ្វើផ្លូវនេះឱ្យបានល្អប្រសើរដើម្បីឱ្យកិច្ចដំណើរការធ្វើផ្លូវនេះ ប្រព្រឹត្តទៅបានដោយរលូននិងជោគជ័យ។
បើយោងតាម លោក ណុប ហេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ឲ្យដឹងថា ផ្លូវត្រូវធ្វើនេះ មានប្រវែង១៣០០មមានទទឹង 7 ម៉ែត្រ ចាក់បេតុងឆ្អឹងដែកនិងមានដាក់លូសង្ខាង។លោក ណុបហេង អោយដឹថងថាការចំណាយលើផ្លូវជាកញ្ចប់ថវិការរដ្ឋចំណែកការចំណាយដាក់លូសង្ខាងជាថវិកាបដិភាគរបស់ខេត្តនិងពលរដ្ឋតាមដងផ្លូវ។សូមបញ្ជាក់ថាផ្លូវនេះស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ដោយបំបែកពីចំណុចផ្លូវឯករាជ្យចំណុចក្លឹបកំសាន្តLVកាត់តាមសាលាសង្កាត់លេខ៤និងវិទ្យាល័យហ៊ុនសែនមិត្តភាពឆ្ពោះទៅផ្លូវមិត្តភាពនៅមុខសាលាក្រុងព្រះសីហនុ មានប្រវែង១៣០០ម៕
(ដោយ ខៀវ សាវ៉ុន)






































