ខេត្តកំពង់ចាម៖ កូនប្រុសលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោក វរសេនីយ៍ត្រី សាន្ត សុខុម ដែលបានប្រើប្រាស់នូវអំពើរហិង្សា យុវជនពីរនាក់នៅក្នុងកន្លែងទីតាំងលេងហ្គេមអនឡាញក្នុងក្រុងកំពង់ចាម ត្រូវបានតំណាងអយ្យការអមសាលាដំបូងចេញដីកាបញ្ជារឱ្យចូលខ្លួនដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ ។
តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោកហាក់ ហ៊ាន់ នៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០១៩ នេះបានចេញដីកាបញ្ជាឱ្យលោកវរសេនីយ៍ត្រី សាន្ត សុខុម ឲ្យចូលខ្លួនមកដើម្បីធ្វើការសាកសួរពាក់ព័ន្ធទៅនឹងការប្រើប្រាស់អំពើហិង្សាដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង២៣និង៤៥ថ្ងៃទី១៨ខែមីនាឆ្នាំ២០១៩ ទីតាំងលេងហ្គេមអនឡាញផ្ទះយីហោ៧០៥ នៅចំណុចភូមិទី១សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
តាមដីកាបញ្ជារបស់សាលាដំបូងខេត្តកំពង់ចាម បានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យ បណ្ដឹងរបស់ជនរងគ្រោះឈ្មោះវ៉ាន់ ចាន់ អទិច្ចបញ្ញា អាយុ២៥ឆ្នាំនិងឈ្មោះ យ៉េ ចិន្តាភេទប្រុស អាយុ២៨ឆ្នាំ ដែលកំពុងតែលេងហ្គេមតាមអនឡាញនៅចំណុចទីតាំងខាងលើ ស្រាប់តែមន្ត្រីអាវុធហត្ថឈ្មោះសាន្ត សុខុមភេទប្រុសអាយុ៣០ឆ្នាំ បានជិះរថយន្តម៉ាកឡង់គ្រីស័រពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទមានគ្នាចំនួនពីរនាក់ ខណះនោះអ្នកបើកបរក៏បានចុះចាប់ទាញជនរងគ្រោះឈ្មោះវ៉ាន់ចាន់អទិច្ចបញ្ញានិងឈ្មោះយ៉េ ចិន្តា ចូលក្នុងរថយន្តនិងបានដកកាំភ្លើងខ្លីម៉ាកឡុក ភ្ជង់ទៅលើជនរងគ្រោះទាំងពីរនាក់ តែពួកគេទាំងពីបានរត់ចុះពីលើរថយន្ត ហើយជនសង្ស័យដែលជាមន្រ្តីអាវុធហត្ថខាងលើក៏បានតាមវាយទៅលើជនរងគ្រោះជាច្រើនដៃដល់ក្នុងផ្ទះលេងហ្គេមនិងបានដកកាំភ្លើងភ្ជង់គំរាមថែមទៀតផង ។
នៅក្នុងដីកាបញ្ជាឲ្យមន្ត្រីអាវុធហត្ថដែលប្រើប្រាស់អំពើហិង្សា ត្រូវបង្ហាញខ្លួននៅអយ្យកាដំបូងខេត្តកំពង់ចាម ឲ្យបានមុនថ្ងៃទី ២៦ខែមេសា ឆ្នាំ២០១៩ រាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ ។ ដោយ ខេមរា






































