ល្បីថា !លោកសេន ឡាំម្ចាស់ក្រុមហ៊ុនក្លូអូវិនទិញទឹកចិត្តសមត្ថកិច្ចខេត្តព្រះវិហារទាំងអស់ទើប អភិបាលខេត្តមិនហ៊ានបង្រ្កាប់ឈើរបស់ខ្លួន

0

ព្រះវិហារ៖ អ្នកឃ្លាំមើលបទល្មើសព្រៃឈើ បានឲ្យដឹងថា បទល្មើសព្រៃឈើមួយរយៈចុងក្រោយនេះនៅខេត្តព្រះវិហារមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសក្រុមហ៊ុនក្លូអូវីន ស្ថិតនៅក្នុងភូមិភ្ជួជ្រូក ឃុំគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពបំផ្លាញព្រៃឈើ ដែលជាសម្បត្តិរដ្ឋ តាមតែអំពើចិត្ត ដោយមិនមានការបង្ក្រាបណាមួយពីមន្រ្តីជំនាញឡើយ ។
ថ្មីៗនេះមានប្រជាពលរដ្ឋដែលរស់នៅជិតនោះ បានអះអាងថា លោកសេន ឡាំ ដែលជាម្ចាស់ក្រុមហ៊ុន បានយកលុយបិទមាត់សមត្ថកិច្ចនៅក្នុងខេត្តព្រះវិហារអស់ហេីយ ទាំងអាជ្ញាធរពាក់ព័ន្ធប្រឆាំងបទល្មេីសព្រៃឈេី ជាហេតុធ្វេីឱ្យពួកគេមិនហ៊ានបង្ក្រាប ។
អ្នកយកព័ត៌មានចុះទៅដល់តំបន់ខាងលេីនៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ៩.១៥នាទីយប់ បានឃើញក្រុមហ៊ុនដូចមានឈ្មោះខាងលើ ដាក់ម៉ាស៊ីនអាច្រៀកឈើ ដែលដឹកដោយគោយន្តចូលក្នុងក្រុមហ៊ុននេះបានយ៉ាងរំភើយ ។
បើតាមប្រជាពលរដ្ឋនៅក្នុងភូមិឃុំនេះ បានអោយដឹងដែរថា ម្ចាស់ក្រុមហ៊ុន មានឈ្មោះសេន ឡាំ អាយុប្រហែលជាង៥០ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ជាម្ចាស់ក្រុមហ៊ុន ដុះស្លែរយូរមកហើយ គ្មានអ្នកណាហ៊ានបង្រ្កាបទេ ។
ប្រជាសហគមន៍រិះគន់ថា លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោកស្នងការ និងមេបញ្ជាការរាជអាវុធហត្ថ ហាក់ដូចជាគ្មានចំណាត់ការ ទៅលើក្រុមហ៊ុនមួយនេះទេ ? ទំនងជាត្រូវថ្នាំលោក សេន ឡាំ ហើយ បានជាបណ្តោយឱ្យក្រុមហ៊ុនមមួយនេះ ដឹកឈើមូលចូលក្រុមហ៊ុនអាច្រៀកនៅក្រៅស្រុក យ៉ាងរំភើយបែបនេះ ។
ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារសូមឲ្យសម្តេចតេជោ ហ៊ុន សែន ជាពិសេស ឯក ឧត្តមសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការបង្រ្កាបបទល្មើស ព្រៃឈើនៅកម្ពុជា មានចំណាត់ការលើ ក្រុមហ៊ុនក្លូអូវិន របស់លោកសេន ឡាំ នេះផង ។ ព្រោះក្រុមហ៊ុននេះ កំពុងបំផ្លាញឈើក្នុងទឹកដីខេត្តព្រះវិហារស្ទើរតែអស់៕ប៊ុនរិទ្ធី