(ព្រះវិហារ: សេចក្តីរាយការណ៍មួយបានបញ្ជាក់ថា កាលពីវេលាម៉ោង៩.៣០នាទី ថ្ងៃច័ន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីភ្លើងឆេះរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A.4297 ស្ថិតក្នុងភូមិបរិបូរណ៍ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ខណៈពេលកំពុងដឹកប្រេងជាច្រើនប៊ីដុង រួមជាមួយនិងសម្ភារជាច្រើនផ្សេងទៀត។
សេចក្តីរាយការណ៍បានបន្តថា ម្ចាស់រថយន្តមានឈ្មោះ ដេង វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ (ខ្មែរ)មុខរបរអាជីវករ «លក់ដូ» រស់នៅភូមិសុះ ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។អធិការនគរបាលស្រុកគូលែន លោកវរសេនីយ៍ឯក ឡាញ់លី ស៊ីវឡេង បានថ្លែងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានបើករថយន្តដឹកប្រេងដូចធម្មតា បម្រុងយកទៅលក់ នៅស្រុកសង្គមថ្មី ប៉ុន្តែដោយសារចៃដន្យកង់រថយន្តធូរ ជនរងគ្រោះក៏បើករថយន្តទៅបូមខ្យល់ រួចក៍ដេរថយន្តបម្រុងបើកចេញ ស្រាប់តែ ទុស្សរខ្សែរភ្លើងឆ្លងពីក្បាលអាគុយ ទើបបណ្តាលឱ្យរថយន្តនោះឆេះតែម្តង។
លោកអធិការបន្តថា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភយ័ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ ប៉ុន្តែមិនអាចជួយពន្លត់បាន ដោយសារអំណាចប្រេងសាំង និងប្រេងម៉ាស៊ូតនៅលើរថយន្តនោះច្រើនពេក។

លោកបានបញ្ជាក់ឲ្យដឹងដែរថា ករណីទុស្សរខ្សែភ្លើងបណ្តាលឲ្យឆេះរថយន្តនេះ បានធ្វើឲ្យប្រេងម៉ាស៊ូតចំនួន២៥ប៊ីដុង ស្មើនឹង៧៥០លីត្រ ប្រេងសាំងចំនួន២ពុយ ស្មើនឹង៤៤០លីត្រ ស្រាបៀចំនួន៣០កេស ទឹកផ្លែឈើចំនួន២០កេស និងឯកសារពាក់ព័ន្ធរថយន្ត ត្រូវបានព្រះអគ្គីឆេះអស់ទាំងស្រុង ប៉ុន្តែសំណាងល្អមិនមានមនុស្សណាម្នាក់ រងរបួសនៅក្នុងហេតុការណ៍នេះនោះឡើយ៕សួនលីណា







































