កំពង់ចាម : ដើម្បី រិះរក វិធីដោះស្រាយ បញ្ជៀសនូវ បញ្ហា គ្រោះ មហន្តរាយ បង្ក ឡើង ដោយ កត្តា ធម្មជាតិ ដែលជា ក្តីកង្វល់ របស់ បងប្អូន ប្រជាពលរដ្ឋ នាព្រឹក ថ្ងៃ ទី ៥ ខែកក្កដា ឆ្នាំ ២០១៩នេះ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ចាម អមដំណើរ ដោយ មន្ត្រីជំនាញពាក់ព័ន្ធ រួម និង អាជ្ញាធរ មូលដ្ឋាន បាន អញ្ជើញ ចុះពិនិត្យស្ថានភាពច្រាំងទន្លេ ដែលកំពុងតែប្រឈមនឹងការបាក់ស្រុត នៅឃុំព្រះអណ្តូង និងឃុំពាមកោះស្នា ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម ។
អាជ្ញាធរ បាន ឲ្យដឹងថា ចំពោះ បញ្ហា បាក់ ច្រាំង ទន្លេ ក្នុង ឆ្នាំ ២០១៩នេះ គឺបណ្តាល ឲ្យ ផ្ទះ បងប្អូន ប្រជាពលរដ្ឋទូទាំងស្រុកស្ទឹងត្រង់ ប្រឈមនឹងការរុះរើ ចំនួន ១១២ខ្នង ផ្ទះ ក្នុង នោះ មាន ៖
១-ឃុំពាមកោះស្នា ផ្ទះប្រជាពលរដ្ឋដែលប្រឈមនឹងការរុះរេី គឺមាន ចំនួន២១ខ្នងផ្ទះ ក្នុង នោះ នៅភូមិពាមក្រៅមាន ចំនួន១០គ្រួសារ និងភូមិដីដុះមាន ចំនួន១១គ្រួសារ ។ 
២-ឃុំព្រះអណ្តូង ផ្ទះប្រជាពលរដ្ឋដែលប្រឈមនឹងការរុះរើ គឺមានចំនួន៩១ខ្នង ផ្ទះ ក្នុង នោះ នៅភូមិព្រះអណ្តូងទី១ មាន ចំនួន ២៣គ្រួសារ ភូមិព្រះអណ្តូងទី២ មាន ចំនួន ០២គ្រួសា និង ភូមិព្រែកស្តី មាន ចំនួន ៦៦គ្រួសារ ។ ដោយមាន ក្តីកង្វល់ ពី បងប្អូនប្រជាពលរដ្ធ រស់នៅ តាម ដង ទន្លេ មេគង្គ ក្នុង តំបន់ ខាង លើ ដែល ទទួល រងគ្រោះ ដោយ ការ បាក់ ច្រាំង ទន្លេ ជារៀង រាល់ឆ្នាំ បង្ខំចិត្ត ឲ្យ ពួក គាត់ ត្រូវ រុះរើ ផ្ទះ ទៅ តាំង ទីលំនៅ ថ្មី ដូច្នេះ ហើយ អាជ្ញាធរ ខេត្តកំពង់ចាម មាន ការ គិតគូរ ដោយតម្រូវ ឲ្យ មន្ត្រី ជំនាញមន្ទីរសាធារណៈ
ការ និងដឹកជញ្ជូនខេត្ត រួមជាមួយ ស្រុក និងឃុំ ចុះ ធ្វើ ការ សិក្សាលើកគំរោង ផ្លូវ វាងថ្មី ឆ្ងាយពី មាត់ទន្លេ ដែលមានច្រាំងបាក់ ដើម្បីកសាងផ្លូវមួយខ្សែ សម្រាប់ប្រជាពលរដ្ឋ អាចទៅរស់នៅបាន គេចចេញពីកន្លែងច្រាំងបាក់ ដែលកំពុងគំរាមកំហែង ព្រមទាំង បានស្នេីសុំការជួយអន្តរាគមន៍ពីសំណាក់ក្រសួងធនធានទឹក និងគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដេីម្បីមានវិធានការដោះស្រាយជាបន្ទាន់ ក្នុងការទប់ស្កាត់បញ្ហាបាក់ច្រាំងទាំងនោះ ផង ដែរ ។ 
ជាមួយ នឹងដំណើរ ចុះ ពិនិត្យ ការ បាក់ ច្រាំង ទន្លេ ខាង លើ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួម និង ប្រតិភូ បាន អញ្ជើញ ចុះពិនិត្យ ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេ មេគង្គ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅកាន់ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំផងដែរ ។
ដោយឡែក នារសៀល ថ្ងៃ ដដែល នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួម នឹង មន្ត្រី ពាក់ព័ន្ធ បាន អញ្ជើញ ចុះ ពិនិត្យ ការ សាងសង់ ឡើង វិញ នូវ ច្រាំង ទន្លេ ដែល រង ការ បាក់ ស្រុត ក្នុង ក្រុង កំពង់ចាម ដែល សម្រេច បាន ប្រមាណ ជា ៤០% និង អញ្ជើញ ចុះ ពិនិត្យ ការ សាងសង់ កែលម្អ សួនច្បារ មាត់ ទន្លេ នៅតាមបណ្តោយមាត់ទន្លេចាប់ពីគល់ស្ពានគីហ្សូណា ដល់ចំណុច អតីតកំពុងសាឡាងចាស់ ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ដែល សម្រេច បាន ប្រមាណ ជា ៨៥% ផងដែរ ៕








































