ស្ទឹងត្រែង៖ ក្រោយពេលមានការផ្ទុះ ឡើងនូវជម្ងឺប៉េស្តជ្រូកអាហ្វ្រិក នៅខេត្តត្បូងឃ្មុំ និងខេត្តរតនគីរីមក ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង មិនហ៊ានទទួលទានសាច់ជ្រូកនោះទេ ព្រោះខ្លាចឆ្លងជម្ងឺ ។អ្នកមីង បាន លៀងគីម អ្នកលក់សាច់ជ្រូកនៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង បានរៀបរាប់ឲ្យដឹងថា:តាំងពីមានការផ្អើលនូវជម្ងឺប៉េស្តជ្រូកអាហ្វ្រិកមក គាត់លក់សាច់ជ្រូកមិនសូវដាច់ទេ ធ្លាប់តែកាលមុនលក់អស់ក្នុងមួយថ្ងៃជិត២០០គីឡូ តែឥឡូវសូម្បីតែ៥០គីឡូ លក់មិនចង់អស់ផង ។
ម៉្យាងអ្នកទិញ គេនាំគ្នាទិញសាច់មាន់ ឬសាច់គោវិញ ព្រោះគេខ្លាចឆ្លងជម្ងឺពីសាច់ជ្រូក ។ ហើយឲ្យតែយ៉ាងនេះ អ្នកមីងប្រហែលជាឈប់លក់សាច់ជ្រូកហើយមើលទៅ ។ពាក់ព័ន្ធនិងបញ្ហាជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនេះ លោក លៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា:សម្រាប់ខេត្តស្ទឹងត្រែង គឺមិនទាន់កើតជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនៅលើសត្វជ្រូករបស់បងប្អូនឡើយ ហើយចំណែកការដាក់លក់សាច់ជ្រូកនៅក្នុងផ្សារវិញនោះ គឺខាងជំនាញពេទ្យសត្វបានចុះពិនិត្យយ៉ាងត្រឹមត្រូវហើយដែរ មុននឹងឲ្យដាក់លក់ ។
ចំពោះខាងជំនាញ ក៏បានមានវិធានការចុះទៅត្រួតពិនិត្យ នូវរាល់ការនាំចូលពីខេត្តដ៏ទៃមកក្នុងខេត្ត ហើយបើសិនសង្ស័យថា អាចមានជម្ងឺ គឺខាងជំនាញនឹងឃាត់ទុក ហើយធ្វើទៅតាមនិតិវិធី ។លោកប្រធានមន្ទីរក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង សូមទទួលទានសាច់ជ្រូកជាធម្មតា ហើយកុំខ្លាច ព្រោះវាមិនឆ្លងទៅមនុស្សឡើយ ៕ ដោយ ម៉ាវិន








































