ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ខណៈកំពុងឈប់ម៉ូតូត្រៀមឆ្លងផ្លូវ ត្រូវរថយន្តដឹកថ្មមួយគ្រឿង បើកមកបុកពីក្រោយ និងអូសជាប់ក្រោមរថយន្ត ហើយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករថយន្តម៉ាក ឡិចស៊ីស RX300 ពីក្រោយ និងរុញទៅបុករ៉ឺម៉កមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ភ្លាមៗអ្នកបើកបរ បានចុះដាក់មេប្រូចបាត់ស្រមោល។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង២៥នាទីថ្ងៃត្រង់ ទី១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយ ផ្លូវលេខ ៥៩៨ (ផ្លូវជាសុផារ៉ា) ខាងត្បូងស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
សាកសពឈ្មោះ នៅ ខឿន ភេទប្រុស អាយុ៣០ឆ្នាំ ជាកម្មករសិប្បកម្មផលិតសរសៃគុយទាវ រស់នៅផ្សារបាត់ដឹង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចឱ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់នោះ ម៉ាក Hino ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1532 បើកបរដោយបុរសម្នាក់បានរត់គេចខ្លួនចូលកន្លែងក្រុមហ៊ុន ក្រឡុកសុីម៉ងតិ៍អាស៊ាន ចំណែករថយន្ត ម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-0267 ។
ប្រភពពីអ្នកឃើញហេតុការណ៍ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ ម៉ាក ហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1CC- 5344 បើកបរជនរងគ្រោះតែម្នាក់ឯង ធ្វើដំណើរតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ខណះពេលមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿង ធ្វើដំណើរស្របគ្នាមកបុកពីក្រោយ ហើយ កិនម៉ូតូនិងអ្នកបើកបរ គាបជាប់ក្រោយរថយន្ត អូសជាច្រើនម៉ែត្រ បណ្តាលអោយស្លាប់ ក្រោមរថយន្តយ៉ាងអាណោចអាធម៌។
ប្រភពបាន បានអោយដឹងទៀតថា បន្ទាប់ពីបង្កគ្រោះថ្នាក់ រថយន្តនោះ ក៍បានជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស របស់លោកឧត្តមសេនីយ៍ ដែលបើកនៅពីមុខ បណ្តាលអោយខ្ទេចគូថ ហើយរុញទៅបុករ៉ឺម៉កមួយគ្រឿង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែងនៅកន្លែងកើតហេតុ យករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕







































