ខេត្តស្វាយរៀង៖ននាព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តស្វាយរៀង បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបររថយន្តដឹកកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមវត្តមានដឹកនាំដោយលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង
តំណាង ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រី ភោគ សុខុន ស្នងការរងនគរបាលខេត្ត លោក តី សុីផន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កងរាជអាវុធហត្ថខេត្ត បងប្អូនអ្នកបើកបររថយន្តដឹកកម្មកររោងចក្រសរុបវត្តមានចំនួន ១៤៨នាក់។
លោកឧត្ដមសេនីយ៍ត្រី ភោគ សុខុន បានមានប្រសាសន៍ថាអ្នកបើកបររថយន្តដែលតែងតែជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់គឺបណ្ដាលមកពីបញ្ហាមួយចំនួនដូចជា៖
១- រាល់ពេលបើកបរគឺមិនបានទុកចន្លោះសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ជាពិសេសពេលវ៉ា និងជែងក្នុងស្ថានភាពគ្រោះថ្នាក់។
២-ពេលបើកបរមានល្បឿនលឿនមិនគោរពស្លាកសញ្ញា និងច្បាប់ចរាចរណ៍កំណត់ដូចជានៅទីប្រជុំជន និងក្រៅទីប្រជុំជន។៣- អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ត្រូវឧស្សាហ៍ត្រួតពិនិត្យ និងថែទាំរថយន្តជាប្រចាំ។
បច្ចុប្បន្នខេត្តបានបង្កើតក្រុមល្បាតចល័តដោយមានរថយន្ត២គ្រឿង ដើម្បីឃ្លាំមើលតាមដងផ្លូវចំពោះអ្នកបើកបរណាដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងចាប់ផាកពិន័យ។
លោកជំទាវអភិបាលរងខេត្តស្វាយរៀង បានសម្ដែងនូវការសោកស្ដាយចំពោះគ្រោះថ្នាក់រថយន្តដឹកកម្មកររោងចក្រចំនួន២ករណីនៅថ្ងៃទី ៣០និង៣១ខែកក្កដារហូតដល់មានអ្នកស្លាប់និងរបួសនាពេលកន្លងទៅ ហើយចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងបណ្ដាលមកពីកត្តាមនុស្សភាគច្រើនដោយសារអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ វ៉ានិងជែងខ្វះការប្រុងប្រយ័ត្ន អ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង និងសារធាតុញៀន អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពជាដើម។
លោកជំទាវក៏បានសំណូមពរដល់អ្នកបើកបរពេលបើកបរទាំងអស់សូមមានការយោគយល់អធ្យាស្រ័យគ្នា និងសូមឲ្យពួកគាត់បង្រៀនច្បាប់ចរាចរណ៍បន្តដល់បងប្អូន កូន ក្មួយក្នុងគ្រួសារ និងមិត្តភក្ដិ ជាពិសេសធ្វើកន្លែងអង្គុយក្នុងរថយន្តឲ្យសមរម្យនិងសុវត្ថិភាពដល់អ្នកជិះ។
បន្ទាប់ពីមានប្រសាសន៍សំណេះសំណាលចប់ក្រុមការងារបានចែកខិតប័ណ្ណច្បាប់ចរាចរណ៍ចំនួន ២០០សន្លឹក ផ្ទាំងសម្រាប់អ្នកថ្មើរជើង ចំនួន១០សន្លឹក ស្ទីកគ័រចំណាំងផ្លាត ចំនួន៣០០សន្លឹក បិទស្ទីកគ័រថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន២០សន្លឹក និងបានត្រួតពិនិត្យបច្ចេកទេសរថយន្តមានដូចជា ៖
១-រថយន្តគ្មានកៅអីសម្រាប់កម្មករអង្គុយចំនួន ៤៤គ្រឿង
២-រថយន្តគ្មានបាឡុងតាកេចំនួន៣គ្រឿង
៣-កញ្ចក់ប្រេះស្រាំ ចំនួន២គ្រឿង
៤-ប័ណ្ណបើកបរខុសប្រភេទចំនួន៦ប័ណ្ណ
៥-គ្មានប័ណ្ណបើកបរចំនួន១នាក់
៦-រថយន្តគ្មានស្លាកលេខចំនួន ២គ្រឿងព្រមទាំងបានធ្វើកិច្ចសន្យា និងពិន័យតាមផ្លូវច្បាប់ផងដែរ៕






































