ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ត្រៀមទៅចូលរួមប្រកួត ទទួលពានរង្វាន់យុវជនខេត្តកំពង់ធំ

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិប័ត្តិការសឹករងកំពង់ធំ បានអញ្ជើញ សំណេះសំណាលជាមួយ និង ក្រុមកីឡាករបាល់ទាត់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រៀមនិងចូលប្រកួត ទទួលពានរង្វាន់យុវជនខេត្តកំពង់ធំ ប្រចាំឆ្នាំ ២០១៩ នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា កីឡានាំមកនូវសុខភាព និងមិត្តភាពស្ថិតក្រោមដំបូល​សន្តិភាព និងសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះកីឡា និងជម្រុញឲ្យកងកម្លាំងកងយោធពលខេមរភូមិន្ទ    ក្រៅពីការបំពេញភារកិច្ចស្នូលក្នុងអង្អភាព ក្នុងតួនាទីការពាររាជរដ្ឋាភិបាលស្របច្បាប់  រួមទាំងបានហ្វឹកហ្វឺន កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ គឺត្រូវមានការលេងកីឡា ដើម្បីសុខភាពនិង រាងកាតរ៉ឹងមាំ ថែមទាំងបង្កើនមិត្តភាពទៀតផង។

ជាក់ស្តែង អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានក្រុមកីឡាបាល់ទាត់មួយក្រុម ដែលមានកម្លាំងចំនួន២៨នាក់ ក្នុងនោះប្រធាន អនុប្រធាន និងក្រុមបម្រើការចំនួន៦នាក់ និងក្រុមកីឡាករចំនួន២២នាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំពីភារកិច្ចមួយចំនួន ដែលនិងត្រៀមទៅចូលរួមប្រកួត ទទួលពានរង្វាន់យុវជនខេត្តកំពង់ធំនៅពេលនៅពេលខាងមុខនេះ ដោយការប្រកួតប្រជែងឈ្នះចាញ់នៅលើទីលានគឺជារឿងធម្មតា តែសុំឲ្យកីឡាករយើង ខិតខំហ្វឹកហាត់ឲ្យបានល្អ តាមការណែនាំរបស់គ្រូបង្វឹក ត្រូវសាមគ្គីឯកភាពគ្នាក្នុងក្រុម និងបង្កើនមិត្តភាពជាមួយបណ្ដាក្រុមផ្សេងៗ នៅពេលប្រកួត ក្នុងពេលប្រកួតត្រូវគោរពបទបញ្ជារបស់គណកម្មាការរៀបចំការប្រកួត មិនត្រូវប្រព្រឹត្តល្មើសបទបញ្ជាជាដាច់ខាត។

 

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវសំលៀកបំពាក់កីឡាចំនួន២៨ សម្រាប់ មានស្រោមជើង ស្រោមដៃ និងបាល់ទាត់ចំនួនមួយដល់ក្រុមកីឡាសម្រាប់ហ្វឹកហាត់ ក្នុងនោះ ក្រុមកីឡាករ និងក្រុមការងារគ្រប់គ្រងបម្រើការឲ្យក្រុមកីឡា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងប្ដេជ្ញាចិត្តគោរពឲ្យបានម៉ឺងម៉ាត់តាមប្រសាសន៍ណែនាំរបស់ឯកឧត្ដម  និងខិតខំហ្វឹកហាត់  គោរព វិន័យតាមបទបញ្ជា ដើម្បី ដណ្ដើមយកជ័យជម្នះក្នុងពេលប្រកួត   ។

ដោយ ប៊ុន រដ្ឋា