កំពង់ធំ: នៅអយ្យការ សាលាដំបូងខេត្តកំពង់ធំ បានបើកកិច្ចប្រជុំ មន្រ្តីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព លោកលាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំជាអធិបតីភាព និងមានការចូលរួម ពីសំណាក់មន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ជលផល មេព្រៃ បរិស្ថាន នៅព្រឹកថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៩។
បន្ទាប់ពីមន្រ្តីនគរបាលយុត្តិធម៌ បានសំណេះសំណាលសាកសួរសំនួរ និងការឆ្លើយឆ្លងក្នុងវេទិការនៃអង្គប្រជុំ តាមបណ្តាស្ថាប័ន យ៉ាងផុសផុលដើម្បី បំភ្លឺនៅចំនុចងឿងឆ្ងល់មួយចំនួន ពាក់ព័ន្ឋទៅនិង ការទប់ស្កាត់ ការពារបទល្មើសធនធានធម្មជាតិ និងបទល្មើសសំអាតប្រាក់ តម្រូវឲ្យមន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ រួមគ្នា ការពារនិងបង្រ្កាបបទល្មើស ឲ្យទទួលបានលទ្ធផលល្អប្រសើរ នៅក្នុងខេត្តកំពង់ធំ ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង មានប្រសាស៍ថា នេះគឺជាលើកដំបូងសម្រាប់អយ្យការសាលាដំបូង ខេត្តកំពង់ធំ ដែលបានអនុវត្តច្បាប់ពាក់ព័ន្ឋនិងបទល្មើសសំអាតប្រាក់ គឺជាបទល្មើសឧក្រិដ្ឋ កន្លងមកនេះ ប្រជាពលរដ្ឋពុំសូវមានការយល់ដឹងពី បទល្មើសសំអាតប្រាក់ ឬលាងលុយខ្មៅ ទើបតែរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យសមត្ថកិច្ចរួមសហការគ្នា ទប់ស្កាត់បទល្មើសសំអាតប្រាក់។
លោក អ៊ិត សុធា បានបញ្ជាក់ថា បទល្មើសសំអាតប្រាក់ជាគោលបំណងបិទបាំងឬក្លែងប្រភពដើម មិនស្របច្បាប់នៃទ្រព្យសម្បត្តិនៃប្រភពចំណូល បានបំឡែងប្រាក់ដែលបានមកដោយមិនស្របច្បាប់ បានមកដោយការជួញដូរអ្វីដែលខុសច្បាប់ តែបានបើកមុខរបរ ដើម្បីកំបាំងមុខ យកលុយដែលបានមក មិនស្របច្បាប់ មកប្រើប្រាស់ នេះគឺជាសកម្មភាពសំអាតប្រាក់ ការសង្កេតមើលគឺបុគ្គលម្នាក់ បានបើកមុខរបរតូចមួយ ដែលចំណូលមធ្យម តែការចំណាយ និងទង្វើប្រើប្រាស់លុយ ច្រើនលើសលប់ និងការសម្អាតប្រាក់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ៥ ឆ្នាំ និងពន័យជាប្រាក់ពី ៤០ ០០០ ០០០ រៀល រហូតដល់១០០ ០០០ ០០០ រៀល ឬរហូតដល់ស្មើនឹង តម្លៃមូលនិធិឬទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃកាសម្អាតប្រាក់ ។

លោក លាង សួគ៌ ប្រធានសាលា ដំបូងខេត្តកំពង់ធំ បានថ្លែងអំណរគុណចំណោះ កងកម្លាំងដែលជា មន្រ្តីនគរបាលយុត្តិធម៌ ទាំងអស់ ដែលបានអញ្ចើញចូលរួម ដោយក្តីរួសរាយរាក់ទាក់ និងបានសំណូមពរ ឲ្យមន្ត្រីនគរបាលយុត្តិធម៌គ្រប់ស្ថាន រួមគ្នាទប់ស្កាត់ការពារ ធនធានធម្មជាតិ ដោយសហការគ្នាឲ្យបានល្អ ក្នុងការ អនុវត្តច្បាប់ ជាពិសេសត្រូវធ្វើការស៊ើបអង្កេត បទល្មើសសំអាតប្រាក់ ដែលជាបទល្មើស ដែលប្រមុខរាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលុបបំបាត់នូវបទល្មើសសំអាតប្រាក់នៅកម្ពុជា ។
ដោយ ប៊ុន រដ្ឋា







































