ព្រះវិហារ៖ ភរិយាសព លោក ឃឹម រតនៈ នាយចំណង់ បម្រើការងារនៅក្នុងអង្គភាពវរសេនាតូច៣៩១ ចំណុះទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដែលបានជួយឧបត្ថម្ភនូវថវិកាចំនួន៤លានរៀល ក្នុងការចូលរួមចំណែកធ្វើបុណ្យសព លោក ឃឹម រតនៈ ដែលបានពលីក្នុងពេលបំពេញបេសសកម្ម ដោយឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរ នៅពេលកំពុងដកកំលាំងចេញពីភូមិសាស្រ្តអូរសេព្រំដែនកម្ពុជា-ឡាវ កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកនេះ។
តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ទោ សំ សៀ មេបញ្ជាការរងកងពលធអន្តរាគមន៍លេខ៣ រួមនឹងឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
បន្ថែមពីនេះអ្នកស្រី ស៊ីវ ម៉ាស៊ី ដែលជាភរិយាសពព្រមទាំងក្រុមគ្រួសារ ក៏បានលើកដៃសំពះបួងសួងដល់វត្ថុសក្តិសិទ្ធិនៅលើលោកទាំងអស់ សូមឲ្យជួយតាមបីបាច់ថែរក្សាឃុំគ្រងដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ។
សូមបញ្ជាក់ថា អ្នកស្រី ស៊ីវ ម៉ាស៊ី ដែលជាភរិយាសព លោកនាយចំណង់ ឃឹម រតនៈ មានកូនចំនួន២នាក់ នៅក្នុងបន្ទុក និងមានផ្ទៃពោះចំនួន៣ខែផងដែរ។ ហើយបច្ចុប្បន្នអ្នកស្រីនិងកូនទាំងពីរកំពុងរស់នៅលើដីគោលរបប និងផ្ទះគំរូរបស់សម្តេចតេជោ ស្ថិតនៅភូមិរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
គួរលឹកថា សពលោកនាយចំណង់ ឃឹម រតនៈ ដែលបម្រើការនៅក្នុងអង្គភាពវរសេនាតូច៣៩១ បានស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញភារកិច្ច កាលពីម៉ោង១៣.១០នាទី រសៀលថ្ងៃច័ន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរ ពេលកំពុងដកកំលាំងចេញពីភូមិសាស្រ្តអូរសេព្រំដែនកម្ពុជា-ឡាវ ត្រង់ចំណុចដំណាក់បារាំង ស្ថិតក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕សួនលីណា






































