សៀមរាប= សាលាអន្តរជាតិ ស្មាធ-ឃីដ បានចាត់ទុកថា ការចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ ដល់សិស្សជិត២០០០នាក់ គឺជាភាពជោគជ័យមួយ ក្នុងតម្លៃដែលរាជរដ្ឋាភិបាល បានទទួលស្គាល់វិស័យឯកជន គឺជាដៃគូអភិវឌ្ឍមិនអាចខ្វះបាន ជាមួយនឹងការប្រកាន់គោលជំហរ ( វិនិយោគលើវិស័យអប់រំ គឺមិនមែនជាការធ្វើអាជីវកម្ម ) ! នៅក្នុងពិធីចែកវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ ដល់សិស្សជិត២០០០នាក់នេះបានធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។
លោក ណាវ ចាន់ថា នាយកចាត់ការទូទៅ សាលាអន្តរជាតិ ស្មាធ-ឃីត មានប្រសាសន៍ថាឆ្លើយតបទៅនឹងគុណតម្លៃដែលរាជរដ្ឋាភិបាលបានចាត់ទុកថាវិស័យឯកជនគឺជាដៃគូអភិវឌ្ឍមិនអាចខ្វះបានក្នុងដំណើរនៃការកសាងពង្រឹងនិងពង្រីកវិស័យអប់រំសិក្សាធិការជាតិសាលាអន្តរជាតិ ស្មាធ-ឃីដបានផ្តោតជាសំខាន់ទៅលើមនសិកាវិនិយោគជាជាងការធ្វើអាជីវកម្មលើវិស័យអប់រំ និងបានអនុវត្តសមីការអប់រំរបស់សាលា ដែលចែងថា ( គុណភាពសិស្សជាធាតុផ្សំនៃចំណេះដឹង ចំណេះធ្វើ សីលធម៌ និងភាពមានទំនុកចិត្តលើខ្លួនឯង ) ។
លោកនាយកចាត់ការទូទៅរូបនេះបានលើកឡើងយ៉ាងដូច្នេះស្របពេលសាលាអន្តរជាតិ ស្មាធ-ឃីត សម្រេចបានជោគជ័យក្នុងការផ្ទេរចំណេះដឹងឲ្យសិស្សប្រមាណជាជាង២០០០នាក់ ចាប់ពីអាយុ២ឆ្នាំកន្លះ ដល់១៨ឆ្នាំ ដែលកំពុងទទួលយកការសិក្សាក្នុងសាលានេះទាំង៣សាខានៅក្រុងសៀមរាបហើយសិស្សប្រមាណជិត ២ ០០០នាក់ បានទទួលវិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០១៨-២០១៩ អមជាមួយដោយប័ណ្ណសរសើរក្នុងនោះក៏មានសិស្សឆ្នើមនិងសិស្សពូកែបានទទួលអាហារូបករណ៍បញ្ចុះតម្លៃសិក្សា ពី ១០% ដល់ ៣០% ផងដែរ ។
នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់សិស្សកុមាតូចៗ ជាភាសាខ្មែរ ភាសាចិន និងជាភាសាអង់គ្លេស វាជាការឆ្លុះបង្ហាញថា ពួកគាត់កំពុងបានទទួលការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន តាមសម៉ីការអប់រំរបស់សាលា ប្រកបដោយគុណភាព ។ ទាំងបីភាសា ពួកគាត់បង្ហាញថា ថ្ងៃនេះ គឺជាថ្ងៃដែលពួកគាត់ទន្ទឹងរង់ចាំនិងជាថ្ងៃដែលពួកគាត់បានឆ្លើយតបទៅនឹងការខិតខំរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងគុណូបការៈរបស់មាតាបិតា អាណាព្យាបាលរបស់ពួកគេ ដែលបានព្យាយាមនិងផ្តល់ឱកាសឲ្យពួកគេបានរៀនសូត្រចំណេះវិជ្ជា ។
វិញ្ញាបនបត្រនិងប័ណ្ណសរសើរ ដែលត្រូវចែកជូនដល់សិស្សជិត ២ ០០០នាក់នោះរួមមាន ៖ សិស្សបឋមសិក្សាចំណេះទូទៅភាសាខ្មែរ សិស្សកម្រឹតមុនមត្តេយ្យ ដល់ថ្នាក់ទី៤ ចំណេះទូទៅភាសាអង់គ្លេស និងសិស្សកម្រឹតថ្នាក់ទី១ ដល់ថ្នាក់ទី៤ ភាសាចិន ។ នៅក្នុងនេះ រួមមានជ័យលាភីសិស្សឆ្នើមប្រចាំសាលា និងសិស្សពូកែផងដែរ ៕ប៊ុនរិទ្ធី