សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម បើកមហាសន្និបាត អាណត្តិទី៣

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានចាត់ទុកថា មហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ក្នុងការបន្តនូវចីរភាពដល់អង្គការមួយ ដែលជាតំណាងសម្លេង និងការពារផលប្រយោជន៍រួម របស់ ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈ អភិបាលកិច្ច តាមបែប វិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បីអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស បេីក មហាសន្និបាត អាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ២៤ ខែតុលា ឆ្នាំ ២០១៩ ក្រោម វត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក មាស ទួក ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ចាម លោក លោកស្រ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក តំណាងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និង ប្រតិភូ មហាសន្និបាត ជា ច្រើន រូប ផង ដែរ ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម បាន ថ្លែង ដែរ ថា មហាសន្និបាតនេះ ក៏ជាឱកាស ដែលសមាគមជាតិក្រុមប្រឹក្សា ថ្នាក់មូលដ្ឋាន ខេត្តកំពង់ចាម បង្ហាញនូវសមិទ្ធផល ដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់ របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក ក្រុមប្រឹក្សា បន្ទាប់ពីត្រូវបានបង្កើតឡើង។
ឯកឧត្ដម បញ្ជាក់ដែរថា មហាសន្និបាតអាណត្តិទី៣ ត្រូវបានរៀបចំឡើងក្នុងគោល បំណងសំខាន់ គឺពិនិត្យកែសម្រួល និង អនុម័តសេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ សមាគម និងដំណើរការបោះឆ្នោតជ្រើសរើស អង្គ អភិបាលកិច្ច របស់សមាគម សម្រាប់ អាណត្តិទី៣ មានជា អាទិ៍ ប្រធាន អនុប្រធាន សមាជិក ក្រុម ប្រឹក្សាសមាគម និងសមាជិក គណៈកម្មាធិការប្រតិបត្តិសមាគម ។ អ្វីដែលសំខាន់ទៀតនោះ នៅពេលបញ្ចប់ មហាសន្និបាតនេះ ក៏នឹងមានកិច្ចប្រជុំ ក្រុមប្រឹក្សា លើកទី១ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម អាណត្តិទី៣ ផង ដែរ ។